លោកកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការសាងសង់ផ្ទះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បន្ថែម និងរៀបចំដីសហគមន៍កសិកម្មទំនើប នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង​ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ចែករំលែក៖

ភ្នំពេញ​៖​ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥​ បានអញ្ជើញចុះពិនិត្យការបន្តសាងសង់ផ្ទះជូនអតីតយុទ្ធជន ព្រមទាំងការឈូសឆាយដីសម្រាប់រៀបចំជាសហគមន៍កសិកម្មទំនើប នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ការចុះពិនិត្យ មានការចូលរួមពី លោក ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក អភិបាលរងខេត្ត, ប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត, ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

ក្នុងពេលចុះពិនិត្យ លោកទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង គឺជាភូមិពិសេស ព្រោះភូមិនេះបង្កើតឡើងសម្រាប់អតីតយុទ្ធជន ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជន ដោយបានចែកដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលសកម្មភាពទាំងអស់នេះបន្តរហូតដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ថ្នាក់ដឹកនាំសមាគមបានបន្តការរៀបចំ និងលើកកម្ពស់ជាអាទិភាពនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដែលត្រូវបានចាត់ទុកជាភូមិគំរូរបស់អតីតយុទ្ធជន ដើម្បីបន្តកសាងផ្ទះ និងរៀបចំកសិកម្មជូនអតីតយុទ្ធជន។

លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ក្រោមគំនិតប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម បានកំណត់ចក្ខុវិស័យវែងឆ្ងាយក្នុងការតបស្នងគុណបំណាច់ និងការធ្វើពលីកម្មពេញមួយជីវិតជូនអតីតយុទ្ធជន តាមរយៈការលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ថ្លែងថា តបតាមការចង្អុលបង្ហាញរបស់សម្តេចប្រធានសមាគម ត្រូវបន្តការសាងសង់ផ្ទះបន្ថែមទៀតនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ព្រមជាមួយរៀបចំកែប្រែដីសម្បទានសង្គមកិច្ចដែលបម្រើជូនអតីតយុទ្ធជនទៅជាដីសងគមន៍កសិកម្មទំនើបសម្រាប់ជាចំណូលថែមទៀតជួយដល់ជីវភាពប្រចាំថ្ងៃរបស់អតីតយុទ្ធជន។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានចុះពិនិត្យស្ថានភាពរស់នៅ និងការដាំដុះ សង្កេតឃើញថា ក្រោយពីមានការយកចិត្តទុកដាក់ និងការផ្តល់នូវអំណោយនានាជាបន្តបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទើបធ្វើឱ្យភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង មានការអភិវឌ្ឍ ហើយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនមានភាពល្អប្រសើរ តាមរយៈរបរទទួលទានដោយការធ្វើកសិកម្មលក្ខណះគ្រួសារ និងចិញ្ចឹមសត្វជាដើម។

ទន្ទឹមគ្នានេះ លោកទេសរដ្ឋមន្រ្តី បានជំរុញឱ្យគ្រប់ផ្ទះគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវតែធ្វើការដាំដុះដំណាំបន្ថែមទៀត ដើម្បីបង្កើនជីវភាព ពោលពេលទទួលបានផ្ទះ និងដី ត្រូវតែមានដំណាំដាំដុះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print