ខេត្តកណ្តាល÷ យុវជន ២នាក់បានបបួលគ្នាជិះម៉ូតូដេញទាក់សត្វឆ្កែនៅពេលរំលងអាធ្រាត្រ តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺថ្ងៃទី៤ ខែតុលា ២០២៥ លើផ្លូវកៅស៊ូស្ថិតក្នុងភូមិអូរណ្តូង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ហ៊ុន សង្ហា ហៅពៅភេទប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ ចេង វ៉ាន់ដែង ភេទប្រុស អាយុ ១៧ឆ្នាំទាំងពីរនាក់រស់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនទាំងពីរនាក់នេះមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង ២ និង ៣០នាទីរំលងអាធ្រាត្រថ្ងៃទី៤ ខែតុលា ២០២៥ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូ១គ្រឿងម៉ាក Honda Wave ពណ៌ខ្មៅ ចេញពីផ្ទះដោយមានជាប់ឧបករណ៍សម្រាប់ទាក់ឆ្កែ និងបាវពណ៌ស ដើម្បីដើររកទាក់ឆ្កែអ្នកភូមិ។ ពួកគេបានធ្វើសកម្មភាពទាក់សត្វឆ្កែចំនួន ៤ដងរួចមកហើយ តែមិនបានសម្រេចឡើយ។ លុះដល់ម៉ោង ៣និង៣០នាទីទៀបភ្លឺ ខណៈពួកគេកំពុងធ្វើ សកម្មភាពទាក់ឆ្កែនៅតាមផ្លូវលេខ ២១A ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបារគូ និងកម្លាំងប្រជាការពារភូមិដែលកំពុងល្បាត ឃាត់ខ្លួនតែម្ដង។ ក្នុងពេលឃាត់ខ្លួន ជនសង្ស័យបានបោះថ្នាំញៀនដែលពួកគេបានលាក់ទុកចោលនៅលើផ្លូវ។
វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូ Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD-8545 ១ គ្រឿង, ឧបករណ៍សម្រាប់ទាក់សត្វឆ្កែ (មានដែកថ្នាំង អំពៅ និងឈើរុំស្កុតខ្មៅ) ១, បាវពណ៌ស ១, ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៥កញ្ចប់ ទម្ងន់ ០,២២ក្រាម និងទូរសព្ទម៉ាក Realme ពណ៌ក្រហម ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕