អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ តម្រូវ​ឱ្យអ្នក​ដំណើរ​ឆែក​ស្កេន​សុវត្ថិភាព មុន​ចូល​ច្រក​អន្តោប្រវេសន៍

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ត្រូវបាន​កែសម្រួល​បច្ចេកទេស​ខុស​ពីព្រលាន​ចាស់ (ភ្នំពេញ) ដោយ​តម្រូវ​ឲ្យ​អ្នក​ដំណើរ​ត្រូវ​ឆ្លង​កាត់​ទីតាំង​ត្រួតពិនិត្យ​សុវត្ថិភាព​ (X-ray) មុន​បន្ត​ទៅ​ទីតាំង​អន្តោប្រវេសន៍​ដើម្បី​ពិនិត្យ​និង​បំពេញ​បែបបទ​អន្តោប្រវេសន៍​។

បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​មួយរូប​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ បានបញ្ជាក់​ក្នុង​ដំណើរទស្សនកិច្ចថ្មីៗនេះថា កាល​ពី​ព្រលាន​ចាស់ (ភ្នំពេញ) អ្នក​ដំណើរ​បន្ទាប់​ពី Check in ដើម្បី​ផ្ញើ​ឥវ៉ាន់​និង​យក​សំបុត្រ​យន្តហោះ គឺ​​ត្រូវ​ទៅ​បំពេញ​បែបបទ​នៅ​ទីតាំង​ច្រក​អន្តោប្រវេសន៍ រួច​ទើប​​ឆែក​ស្កេន​ (X-ray) ដើម្បី​អាច​ឡើង​ទៅ​ទីតាំង​រង់​ចាំ​ចេញ​ដំណើរ។

យ៉ាងណាមិញ នៅ​អាកាសយានដ្ឋាន​ថ្មី​អន្តរជាតិ​តេជោ អ្នក​ដំណើរ​បន្ទាប់​ពី Check in យកសំបុត្រ​យន្តហោះ​ត្រូវ​ទៅ​ទីតាំង​ឆែក​ស្កេន​សុវត្ថិភាព (X-ray) ទើប​អាច​បន្ត​ទៅ​ទីតាំង​ច្រក​អន្តោប្រវេសន៍​ដើម្បី​បន្ត​ទៅ​ទីតាំង​រង់ចាំ​ចេញ​ដំណើរ។

ការ​ផ្លាស់ប្តូរ​នេះ បើតាម​មន្រ្តី​ដដែល​រូប​នេះ​ដើម្បី​សុវត្ថិភាព​ដល់​មន្រ្តី​បម្រើ​ការងារ​ផង និង​ក៏​ជា​ការ​អនុវត្ត​តាម​នីតិវិធី​ស្តង់ដា​សម្រាប់​អ្នកដំណើរ​នៅ​តាម​អាកាសយានដ្ឋាន​នានា​លើ​ពិភពលោក។

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោដែលមាន​តម្លៃសាងសង់ប្រមាណ ២ ០០០ លាន​ដុល្លារ បាន​ធ្វើ​ទំនើបកម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​បំពាក់បច្ចេកវិទ្យាទំនើបៗ​ដើម្បី​សម្រួល​លំហូរ​អ្នក​ធ្វើដំណើរ​​ឆ្លងកាត់ព្រលាន​ថ្មី​របស់​កម្ពុជា។

ក្នុង​នោះ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ច្រកទ្វារ​អេឡិចត្រូនិក​ឆ្លាតវៃ​ (Smart Gate) សម្រួល​ដល់​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចំនួន ១៨ ដែលរួមមាន​​ប្រទេស​នៅ​​​តំបន់​អាស៊ាន​​ទាំង ១០ ប្រទេស​នៅ​​តំបន់​អាស៊ី​មាន ចិន ជប៉ុន កូរ៉េ​ខាងត្បូង តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង និង​ម៉ាកាវ ក៏ដូចជា​ប្រទេស​នៅ​ទ្វីប​អាមេរិក​មាន​សហរដ្ឋអាមេរិក ​អូស្ត្រាលី រួមទាំង​ប្រទេស​អឺរ៉ុប​មាន​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស អាចធ្វើដំណើរ​ឆ្លង​កាត់​បាន​យ៉ាង​ងាយស្រួល។

បន្ថែមពីនេះ អាកាសយានដ្ឋាន​​អន្តរជាតិ​តេជោ ក៏​បាន​នាំ​យក​ឧបករណ៍​ស្កេន​ដ៏​ទំនើបដែល​អាច​ស្កេន​ឆែក​ខ្លួន​អ្នក​ដំណើរ​ ដោយ​មិន​បាច់​តម្រូវ​ឲ្យ​ដោះ​សម្ភារៈ​​ជាប់​ខ្លួន​នោះទេ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print