ខេត្តកណ្តាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកែសម្រួលបច្ចេកទេសខុសពីព្រលានចាស់ (ភ្នំពេញ) ដោយតម្រូវឲ្យអ្នកដំណើរត្រូវឆ្លងកាត់ទីតាំងត្រួតពិនិត្យសុវត្ថិភាព (X-ray) មុនបន្តទៅទីតាំងអន្តោប្រវេសន៍ដើម្បីពិនិត្យនិងបំពេញបែបបទអន្តោប្រវេសន៍។
បើតាមការបញ្ជាក់ពីមន្រ្តីមួយរូប នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានបញ្ជាក់ក្នុងដំណើរទស្សនកិច្ចថ្មីៗនេះថា កាលពីព្រលានចាស់ (ភ្នំពេញ) អ្នកដំណើរបន្ទាប់ពី Check in ដើម្បីផ្ញើឥវ៉ាន់និងយកសំបុត្រយន្តហោះ គឺត្រូវទៅបំពេញបែបបទនៅទីតាំងច្រកអន្តោប្រវេសន៍ រួចទើបឆែកស្កេន (X-ray) ដើម្បីអាចឡើងទៅទីតាំងរង់ចាំចេញដំណើរ។
យ៉ាងណាមិញ នៅអាកាសយានដ្ឋានថ្មីអន្តរជាតិតេជោ អ្នកដំណើរបន្ទាប់ពី Check in យកសំបុត្រយន្តហោះត្រូវទៅទីតាំងឆែកស្កេនសុវត្ថិភាព (X-ray) ទើបអាចបន្តទៅទីតាំងច្រកអន្តោប្រវេសន៍ដើម្បីបន្តទៅទីតាំងរង់ចាំចេញដំណើរ។
ការផ្លាស់ប្តូរនេះ បើតាមមន្រ្តីដដែលរូបនេះដើម្បីសុវត្ថិភាពដល់មន្រ្តីបម្រើការងារផង និងក៏ជាការអនុវត្តតាមនីតិវិធីស្តង់ដាសម្រាប់អ្នកដំណើរនៅតាមអាកាសយានដ្ឋាននានាលើពិភពលោក។
អាកាសយានដ្ឋានអន្តរជាតិតេជោដែលមានតម្លៃសាងសង់ប្រមាណ ២ ០០០ លានដុល្លារ បានធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបំពាក់បច្ចេកវិទ្យាទំនើបៗដើម្បីសម្រួលលំហូរអ្នកធ្វើដំណើរឆ្លងកាត់ព្រលានថ្មីរបស់កម្ពុជា។
ក្នុងនោះការដាក់ឲ្យប្រើប្រាស់ច្រកទ្វារអេឡិចត្រូនិកឆ្លាតវៃ (Smart Gate) សម្រួលដល់អ្នកដំណើរមកពីប្រទេសចំនួន ១៨ ដែលរួមមានប្រទេសនៅតំបន់អាស៊ានទាំង ១០ ប្រទេសនៅតំបន់អាស៊ីមាន ចិន ជប៉ុន កូរ៉េខាងត្បូង តំបន់សេដ្ឋកិច្ចពិសេសហុងកុង និងម៉ាកាវ ក៏ដូចជាប្រទេសនៅទ្វីបអាមេរិកមានសហរដ្ឋអាមេរិក អូស្ត្រាលី រួមទាំងប្រទេសអឺរ៉ុបមានបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស អាចធ្វើដំណើរឆ្លងកាត់បានយ៉ាងងាយស្រួល។
បន្ថែមពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បាននាំយកឧបករណ៍ស្កេនដ៏ទំនើបដែលអាចស្កេនឆែកខ្លួនអ្នកដំណើរ ដោយមិនបាច់តម្រូវឲ្យដោះសម្ភារៈជាប់ខ្លួននោះទេ៕