ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះថា ការនាំទំនិញខុសច្បាប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជា ដោយគ្មានការត្រួតពិនិត្យ ប្រៀបដូចជាទង្វើចូលដៃជាមួយនឹងសត្រូវប្រឆាំងនឹងប្រជាជាតិខ្លួនឯង។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់យ៉ាងដូច្នេះថា រាល់ការនាំចូលទំនិញពីបរទេស ពិសេសប្រទេសថៃដែលជាសត្រូវឈ្លានពានរបស់កម្ពុជា គប្បីត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាព ក្នុងការស្វែងរកសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាព មានការពិនិត្យមើលភូតគាមអនាម័យ និងត្រូវឆ្លងកាត់ការបង់ពន្ធគយនាំចូលឱ្យបានត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ជាធរមាន។
ការលើកឡើងរបស់បណ្ឌិត យង់ ពៅ បានធ្វើឡើងស្របពេលថ្មីៗនេះ គេមើលឃើញថា មានការហូរចូលនៃទំនិញថៃមកកាន់ទីផ្សារកម្ពុជា ដែលរហូតដល់មានទំនិញជាគ្រឿងឧបភោគបរិភោគ ដូចជាសាច់ក្រក និងសាច់បង្កកជាដើមនោះ ត្រូវបានរកឃើញទីតាំងឃ្លាំងស្តុកទុកទំនិញមួយចំនួនក្នុងប្រទេសកម្ពុជាជាច្រើនរយតោន បើទោះជាកម្ពុជាបានសម្រេចបិទច្រកព្រំដែនគោកទាំងស្រុងជាមួយនឹងថៃ និងហាមឃាត់ការនាំចូលទំនិញមួយចំនួនពីថៃមកកាន់កម្ពុជាក៏ដោយដែលនេះជាការឆ្លើយតបទៅនឹងទង្វើដែលភាគីថៃបានចាប់ផ្ដើមសកម្មភាពដ៏គឃ្លើននៅតាមតំបន់ព្រំដែន។
ជាសំណួរចោទសួរថាតើទំនិញទាំងនោះត្រូវបាននាំចូលមកតាមវិធីណា? តាមច្រកព្រំដែនគោកណាមួយដោយខុសច្បាប់ ឬនាំចូលតាមច្រកព្រំដែនទឹក ឬតាមរយៈប្រទេសទី៣? ចម្លើយក្នុងករណីទំនិញទាំងនោះត្រូវបាននាំចូលតាមច្រកព្រំដែនផ្លូវការណាមួយក៏ដោយដោយស្របច្បាប់ នោះមិនមែនជាបញ្ហាចោទទេ ព្រោះតែរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទតែច្រកព្រំដែនគោកជាមួយថៃ និងហាមឃាត់មុខទំនិញមួយចំនួនប៉ុណ្ណោះ ដោយមិនបានហាមឃាត់គ្រប់មុខទំនិញពីថៃតាមច្រកព្រំដែនទឹក ឬតាមផ្លូវអាកាសនោះទេ។
បើទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ ថា គ្រប់មុខទំនិញហាមឃាត់ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យមានការឃុបឃិត ឬលួចនាំចូលមកក្នុងប្រទេសនោះឡើយ បើទោះបីជានាំចូលតាមច្រកប្រទេសទី៣ក្ដី ព្រោះនេះ ជាគឺជាទង្វើដ៏អាក្រក់ដែលប្រៀបដូចជាទង្វើចូលដៃជាមួយនឹងសត្រូវប្រឆាំងនឹងប្រជាជាតិខ្លួនឯង។ ប្រឆាំងនឹងជាតិខ្លួនឯង ក៏ព្រោះនេះ គឺជាដំណាក់កាលដែលខ្មែរត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីបង្ហាញជំហរប្រឆាំងនឹងការឈ្លានបានដ៏ឃោរឃៅ និងគ្មានច្បាប់ទម្លាប់របស់ប្រទេសជិតខាងមួយនេះ។
លោកបណ្ឌិត យង់ ពៅ ក៏បានគូសរំឭកអំពីទង្វើដ៏សាហាវព្រៃផ្សៃ ដែលកងទ័ពថៃបានធ្វើមកលើប្រជាជាតិកម្ពុជា រាប់ទាំងការបាញ់ប្រហារកងទ័ពកម្ពុជាក្នុងលេណដ្ឋាន ការប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម និងផ្សែងពុលគីមីដែលទាំងអស់នេះគួរតែជារឿងឈឺចាប់ខ្លោចផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវតែចងចាំការឈឺចាប់ ហើយគប្បីបន្តការពហិការប្រើប្រាស់ និងចៀសវាងការនាំចូលទំនិញរបស់ចោរឈ្លានពាន។
លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ការចូលរួមឆ្លើយតបទៅនឹងការឈ្លានពានរបស់ថៃ គឺជាកាតព្វកិច្ចរបស់ប្រជាជនខ្មែរគ្រប់រូប និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីបង្ហាញអំពីជំហររួមរបស់ជាតិ និងជាការប្រើប្រាស់អាវុធសេដ្ឋកិច្ចបញ្ជាក់ទៅកាន់ពួកឈ្លានពានថា ពួកគេត្រូវតែបង់សងតម្លៃចំពោះការឈ្លានពានរបស់ខ្លួនមកលើប្រទេសកម្ពុជា មានដូចជាផលប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជានាំចូលទំនិញរាប់រយលានដុល្លារជាប្រចាំនោះ។
សម្រាប់ទំនិញជាអាហារទាំងឡាយរបស់ថៃដែលឈ្មួញខ្មែរបានលួចនាំចូលមកកាន់កម្ពុជា លោកបណ្ឌិត បានជំរុញឱ្យមានការយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានខ្ពស់ និងប្រុងប្រយ័ត្នបំផុត ចៀសវាងការឆ្លៀតឱកាសកេងចំណេញ បន្លំភ្នែកប្រជាជន ហើយប្រព្រឹត្តអំពើពុករលួយ អនុញ្ញាតឱ្យទំនិញដែលខូចគុណភាព និងប៉ះពាល់សុខភាពប្រជាជន ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។
បើទោះជាយ៉ាងណា សម្រាប់ទំនិញដែលត្រូវបាននាំចូលមកហើយនោះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ដែលមានតួនាទីត្រួតពិនិត្យលើទំនិញដែលត្រូវបានរកឃើញនិងឃាត់ទុកនោះ ត្រូវតែបង្ហាញអំពីតម្លាភាព និងការគោរពវិជ្ជាជីវៈរបស់ខ្លួនឱ្យសាធារណជនបានមើលឃើញ និងជឿជាក់ ទាំងក្នុងទិដ្ឋភាពភូតគាមអនាម័យ ទាំងការបង់ពន្ធគយលើការនាំចូលទំនិញ និងច្រកព្រំដែនដែលទំនិញទាំងនោះត្រូវបាននាំចូលជាដើម។
លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា គេត្រូវតែរកឱ្យឃើញ និងបញ្ឈប់ឱ្យបាននូវទង្វើលួចនាំចូលទំនិញថៃខុសច្បាប់មកកាន់កម្ពុជាដែលទាំងនេះ សុទ្ធសឹងតែជាទង្វើក្បត់ប្រជាជាតិ ក្បត់ប្រជាជន និងជារឿងមិនគប្បីចំពោះការពលីរបស់កងកម្លាំងកម្ពុជាដែលបានបូជាកម្លាំងកាយចិត្ត និងរហូតដល់អាយុជីវិតដើម្បីការពារទឹកដី និងប្រជាជនកម្ពុជា៕ដោយ៖តារា