ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូមួយគ្រឿង រេចង្កូតធ្លាក់ផ្លូវ ទៅបុករះគុម្ពោតព្រៃ នៅចិញ្ចើមផ្លូវបណ្តាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង វេលាម៉ោងប្រហែល ២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ តុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជុំ សារ័ត្ន ភេទប្រុស អាយុជាង៣០ឆ្នាំ ស្នាក់នៅម្តុំភ្នំបាសិដ្ឋ ខេត្តកណ្តាល។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-8558 ក្នុងទិសដៅទិសកើតទៅលិច ល្បឿនលឿ។ នៅពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុល ទៅបុករះគុម្ពោតព្រៃ ដែលដុះតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាលបាក់ក ស្លាប់ភ្លាមៗនៅនឹងកន្លែង។
បន្ទាប់មក ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានជួយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យកន្លែងកើតហេតុ។
ក្រោយពេលចុះត្រួតពិនិត្យ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្រ្តីជំនាញ ធ្វើកំណត់ហេតុ វាស់វែង និងយកម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន។ ចំណែកសព ជាសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕