ខេត្តកណ្ដាល÷ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៥នាក់ ក្នុងចំណោមបក្ខ ពួក ៦នាក់ ដែលសកម្មជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាគ្រឿង ញៀនចំនួន ២កញ្ចប់តូច។ ការចាប់ខ្លួននេះធ្វើ ឡើងនៅរសៀលថ្ងៃទី៥ តុលា ២០២៥ នៅភូមិត្រពាំងជ្រៅ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ដែលត្រូវបានឃាត់ខ្លួនមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។ ជនទាំងនោះមានឈ្មោះ នួន វុទ្ធី (ហៅធី) ភេទប្រុស អាយុ៥០ឆ្នាំដែលធ្លាប់ជាប់គុកពីបទជួញដូរគ្រឿងញៀន, ឈ្មោះ យ៉េន ឌីម៉ង់ (ហៅតូច)ភេទប្រុស អាយុ ២៩ឆ្នាំ,ឈ្មោះ មាន ម៉ាញ ភេទប្រុស អាយុ ២៥ ឆ្នាំ,ឈ្មោះ រី សុខគា ភេទប្រុស អាយុ ២៨ឆ្នាំនិងឈ្មោះ ផន ដានិត (ហៅរិទ្ធ) ភេទប្រុស អាយុ២៩ឆ្នាំ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ចេក ជួរ (ហៅចយ) ភេទប្រុស អាយុ ៣៣ឆ្នាំ បានរត់គេចខ្លួនបាត់។ វត្ថុតាងសរុបដែលដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់តូច ទម្ងន់ ០,៣៦ ក្រាម, ទូរសព្ទដៃ ៤គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿង ញៀនមួយចំនួន។
លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលសំរោងលើ បានចេញល្បាតហើយប្រទះ ឃើញជនសង្ស័យឈ្មោះ នួន វុទ្ធី និងឈ្មោះ យ៉េន ឌីម៉ង់ នៅតាមផ្លូវ។ សមត្ថកិច្ចបានឃាត់សួរនាំហើយរកឃើញថ្នាំញៀន ១កញ្ចប់តូចពីលើខ្លួនឈ្មោះ យ៉េន ឌីម៉ង់។ នៅពេលសមត្ថកិច្ចកំពុងធ្វើប្រតិបត្តិការ ពួកគេក៏បានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត គឺឈ្មោះ រី សុខគា និងឈ្មោះ ផន ដានិត ដែលបានមកទិញថ្នាំញៀនពីឈ្មោះ នួន វុទ្ធី។
លោកអធិការបានឲ្យដឹងទៀតថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នួន វុទ្ធី ដែលបានបញ្ជាក់ថាថ្នាំញៀនដែលខ្លួនយកមកលក់បន្តគឺបានមកពីឈ្មោះ ចេក ជួរ កម្លាំងសមត្ថកិច្ចក៏បានបន្តស្រាវជ្រាវរកជននេះ ប៉ុន្តែឈ្មោះ ចេក ជួរ បានរត់គេចខ្លួនបាត់។ ពេលកំពុងបន្តស្វែងរក សមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មោះ មាន ម៉ាញ ដោយដកហូតបានថ្នាំញៀន ១កញ្ចប់តូចទៀត។ ឈ្មោះ មាន ម៉ាញ បានសារភាពថា ថ្នាំញៀននេះជារបស់ឈ្មោះ ចេក ជួរ ដែលប្រើខ្លួនឲ្យយកទៅលក់ឲ្យគេ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕