ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបានករណីជួញដូរគ្រឿងញៀនឆ្លងខេត្ត ទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ និងដោយរឹបអូសបានគ្រឿងញៀន ប្រភេទម៉ាទឹកកកសរុបជិត ១០ គីឡូក្រាម ។
ប្រតិបត្តិការនេះបានចាប់ផ្ដើមតាំងពីវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ។
កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដំបូងចំនួន២ នាក់ មាន ១៖ ឈ្មោះ ចន សុថេង និង២៖ ឈ្មោះ ឃីម សុគង់ ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួនទៀត។ បន្ទាប់ពីធ្វើការសាកសួរ ឈ្មោះ ចន សុថេង បានសារភាពថា៖ ខ្លួនបានទិញគ្រឿងញៀនពី ឈ្មោះ ម៉ី ដា ដែលរស់នៅក្នុងក្រុងបាត់ដំបងដែរ ។ ភ្លាមៗនោះ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួន ឈ្មោះ ម៉ី ដា និងបក្ខពួកបាន២នាក់ទៀត នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ហើយរឹបអូសបានគ្រឿងញៀនចំនួន ៧កញ្ចប់ ទម្ងន់ ៤១១,៨៩ក្រាម ។
ដោយបន្តការស៊ើបអង្កេត ឈ្មោះ ម៉ី ដា សារភាពថា ខ្លួនបានទិញគ្រឿងញៀនពី ឈ្មោះ វង្ស ចាន់ណា ដែលរស់ នៅខេត្តកំពង់ចាម ។ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា កម្លាំងកងរាជអាវុធហត្ថខេត្ត បាត់ដំបងបានពង្រីកប្រតិបត្តិការទៅខេត្តកំពង់ចាម ហើយសហការជាមួយកម្លាំងនៅទីនោះដើម្បីបន្តការងារ ។
នៅវេលាម៉ោង១២៖៣០នាទី ថ្ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ កម្លាំងចម្រុះបានចាប់ខ្លួន ឈ្មោះ វង្ស ចាន់ណា នៅស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រោយមក នៅម៉ោង ៤៖៣០នាទី រសៀលថ្ងៃដដែល កម្លាំងបានបន្តឆែកឆេរលំនៅឋានរបស់ជនសង្ស័យនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៩កញ្ចប់ធំ ដែលត្រូវបានកប់ក្នុងធុងស័ង្កសីក្នុងបរិវេណផ្ទះ។ គ្រឿងញៀនដែលដកហូតបានមានទម្ងន់សរុប ៩៥៦៥,៦៧ក្រាម ។
ជាលទ្ធផលនៃប្រតិបត្តិការដ៏កម្រិតខ្ពស់នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ចំនួន ៦នាក់ (ស្រី ១នាក់) និងរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកក មានទម្ងន់សរុបរហូតដល់ ៩៩៩៥,២២ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕