ខេត្តបាត់ដំបង៖ គ្រួសារប្តីប្រពន្ធ០២នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូទៅបុកគូទរថយន្តដែលកំពុងបើកអែបកៀនចូលចតនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវេ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក HYUNDAI ពណ៌ខៀវប្រភេទដឹកទំនិញ០១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3D-6962 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើត ហេតុខាងលើបានអែបស្តាំដើម្បីឈប់ចត ចំណែកម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL-9780 បើកបរដោយឈ្មោះ ព្រឿន កុសល ភេទ ប្រុស អាយុ៤០ឆ្នាំ និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ គឹម ចាន់ធី អាយុ៣៨ឆ្នាំ ទាំងពីរនាក់រស់នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទិស ដៅស្របគ្នា បានជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលអោយស្លាប់ទាំង០២នាក់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកចរាចរណ៍ផ្លូវគោកចុះមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងអោយក្រុមគ្រួសារមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕