អង្គភាពការពារកុមារ សហការជាមួយនគរបាល ចុះស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យករណីធ្ងន់ធ្ងរចំនួនបីករណី ពាក់ព័ន្ធនឹងឃាតកម្ម,ការផលិតនិងចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទកុមារតាមអនឡាញ និងអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងអំឡុងពេលពីរខែចុងក្រោយនេះ អង្គភាពការពារកុមារ (CPU) បានសហការជាមួយនគរបាលកម្ពុជា ចុះស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យក្នុង ករណីធ្ងន់ធ្ងរចំនួនបីករណី ពាក់ព័ន្ធនឹងអំពើឃាតកម្ម ការផលិតនិងចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទកុមារតាមអនឡាញ (CSAM) និងអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ។ នេះបើតាមការផ្សព្វផ្សាយព័ត៌មានរ​បស់អង្គភាពការពារកុមារ (CPU)នាថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៥នេះ។

អង្គភាពការពារកុមារ (CPU) បានសហការជាមួយនគរបាលជាតិកម្ពុជា បើកការស៊ើបអង្កេតលើករណីឃាតកម្មដ៏ឃោឃៅដែលត្រូវបានប្រព្រឹត្តលើយុវតីវ័យ ១៦ឆ្នាំម្នាក់។ ក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) របស់អង្គភាពការពារកុមារ (CPU) បានចុះទៅដល់ទីតាំងកន្លែងកើតហេតុដែលបានប្រទះឃើញសាកសពជនរងគ្រោះ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យទីកន្លែងកើតហេតុ និងសពជនរងគ្រោះ។ ជាលទ្ធផលនៃការ ស៊ើបអង្កេតស្រាវជ្រាវបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេចាក់សម្លាប់យ៉ាងសាហាវ ចំនួន៣៣កាំបិត។ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវយ៉ាងម៉ត់ចត់ បូករួមចម្លើយបំភ្លឺពីសាក្សីជាច្រើនបាននាំឲ្យសមត្ថកិច្ចអាចកំណត់អត្តសញ្ញាណ និងឈានទៅឃាត់ខ្លួនជន សង្ស័យបានដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

•ករណីផលិតនិងនិងចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទកុមារតាមអនឡាញ (CSAM) នៅខេត្តត្បូងឃ្មុំ

អង្គភាពការពារកុមារ (CPU) បានសហការជាមួយអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចុះបង្ក្រាបករណីមួយ ពាក់ព័ន្ធនឹង បុរសវ័យ៣៦ឆ្នាំ ដែលបានផលិតនិងចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទកុមារតាមអនឡាញ (CSAM)។ ក្នុងករណីនេះ ជនរងគ្រោះចំនួន៧នាក់ (អាយុចន្លោះ ១៣–២០ឆ្នាំ) ត្រូវបានកំណត់អត្តសញ្ញាណ ហើយ ភស្តុតាងឌីជីថលជាច្រើនត្រូវបានដកហូតផងដែរដើម្បីទុកជាភស្តុតាងដាក់ជូនតុលាការ។

•ករណីបុរសជនជាតិអាមេរិកផលិតនិងចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM) និងប្រព្រឹត្តអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ

អង្គភាពការពារកុមារ(CPU)ទទួលព័ត៌មានស៊ើបការណ៍ តាមអ៊ីម៉េល (email tip) មកថា មុខសញ្ញាជាជនជាតិអាមេរិកម្នាក់បានកាន់កាប់សម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM) និងបានប្រព្រឹត្តអំពើទិញពេស្យាចារកុមារអំឡុងពេលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។ តាមការរាយការណ៍បានបញ្ជាក់ថា មុខសញ្ញានេះ បានកាន់កាប់សម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM) ផ្ទុកក្នុងទូរសព្ទដៃរបស់ខ្លួន បានប្រព្រឹត្តអំពើរំលោភ បំពានផ្លូវភេទលើកុមារវ័យពី៦ទៅ៨ឆ្នាំ និងបានប្រើកម្មវិធី Grindr (dating application) ដើម្បីទំនាក់ ទំនងជួបជាមួយជនរងគ្រោះ។

...

ក្រុមការងារការិយាល័យព័ត៌មានស៊ើបការណ៍របស់អង្គភាព CPU រកឃើញតម្រុយព័ត៌មានស៊ើបការណ៍ថ្មីបន្ថែម តាមរយៈការការចុះស្រាវជ្រាវស៊ើបអង្កេតរកប្រភពព័ត៌មានបើកចំហរ (OSINT searches) ដែលនាំទៅដល់ការកំណត់គោលដៅស្នាក់នៅរបស់ជន សង្ស័យនេះបាន។ ហើយការិយាល័យក្រុមការងារបង្ការទប់ស្កាត់បទល្មើសលើកុមារតាមបណ្ដាញអនឡាញ (ICAC) នៃអង្គភាពការពារកុមារ (CPU) ក៏បានសហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអិតិជន ដើម្បីដំណើរការស៊ើបអង្កេតនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានសម្រេច៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print