Update ៖ ព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ

អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ
ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។

ព្រឹទ្ធសភា សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។

នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តង្គឧត្តម និងភាពស្អាតស្អំខាងសីលធម៌
ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់។ ព្រឹទ្ធសភាគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចតេជោ ដើម្បីលើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា។ ការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯង ភាពធន់របស់ជាតិ និងឯករាជ្យភាព។

ទន្ទឹមនឹងនេះ ព្រឹទ្ធសភាក៏សូមគូសបញ្ជាក់អំពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ក្នុងការចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះ ក្នុងលក្ខណៈសមស្របជាប្រទេសជាតិមួយដែលមានអរិយធម៌ និងថ្លៃថ្នូរ ដើម្បីទប់ស្កាត់កុំឲ្យអំពើស្រដៀងគ្នានេះកើតឡើងនៅ
ពេលអនាគត។

ព្រឹទ្ធសភា សូមគូសបញ្ជាក់សារជាថ្មីថា មិត្តភាពរវាងកម្ពុជា និងថៃ ត្រូវតែផ្អែកលើគុណតម្លៃការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក និងសមភាព ដែលជាកត្តាចាំបាច់ដើម្បីទ្រទ្រង់សន្តិភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print