ក្នុងសង្គ្រាម រុស្ស៉ីដណ្ដើមគ្រប់គ្រងទឹកដីអ៊ុយក្រែន ៥០០០គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំនេះ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារ ទី៧ ខែតុលា ថាកងកម្លាំងរុស្ស៉ីវាយដណ្ដើមយកបានទឹកដីអ៊ុយក្រែនជិត ៥០០០គីឡូម៉ែត្រក្រឡា ហើយថាទីក្រុងមូស្គូនៅតែបន្ត សម្រេចបានភាពចម្រើននៅលើសមរភូមិ។

នេះមានន័យថាក្នុងឆ្នាំ២០២៥នេះ រុស្ស៉ីដណ្ដើមបានទឹកដីអ៊ុយក្រែនជិត ១ភាគរយ ខណៈកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រងជិត ២០ភាគរយនៃទឹកដីអ៊ុយក្រែន។ ក្នុងជំនួបជាមួយមេបញ្ជាការកំពូលៗរបស់រុស្ស៉ី ចំថ្ងៃខួបកំណើតគម្រប់ ៧៣ឆ្នាំរបស់លោក លោក ពូទីន បានកត់សម្គាល់ថាកងកម្លាំងអ៊ុយក្រែនបានដកថយចេញពីផ្នែកទាំងអស់នៃសមរភូមិមុខ។ លោកបន្តថាទីក្រុងកៀវកំពុងព្យាយាមវាយប្រហារចូលជ្រៅ ក្នុងទឹកដីរុស្ស៉ី ប៉ុន្តែថាការវាយប្រហារបែបនេះនឹងមិនអាចកែប្រែស្ថានការណ៍នៅក្នុងសង្រ្គាមដែលអូសបន្លាយពេលជាង៣ឆ្នាំកន្លះមកនេះនោះទេ។
«អំឡុងពេលនេះ កងកម្លាំងរុស្ស៉ីនៅតែបន្តសម្រេចបានភាពរីកចម្រើន»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន ក្នុងជំនួបជាមួយក្រុមមេបញ្ជាការរុស្ស៉ីនៅឯទីក្រុង St. Petersburg ដោយបន្ថែមថា «ក្នុងឆ្នាំនេះ យើងរំដោះបានទឹកដីជិត ៥០០០គីឡូម៉ែត្រក្រឡា»។
កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៉ី ក៏បានរាយការណ៍ផងដែរពីការវាយដណ្ដើមយកបានភូមិចំនួន២ទៀតនៅតាមបណ្ដោយសមរភូមិនៅអ៊ុយក្រែន។ យោធាអ៊ុយក្រែនកាលពីខែសីហា កន្លងទៅបានអះអាងការវាយលុករបស់រុស្ស៉ីបានទទួលបរាជ័យ ដោយកងកម្លាំងរុស្ស៉ីមិនអាចវាយដណ្ដើមបានទីក្រុងធំណាមួយនោះទេក្នុងឆ្នាំនេះ៕

...

រូបថត​: Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print