ខេត្តបាត់ដំបង÷ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជនបានជ្រាបថាថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២៥ ឃើញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមពីករណីបាត់ក្មេងនៅចំណុចសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មិនដឹងទៅទីណា ដែលការផ្សព្វផ្សាយរៀបរាប់ពីម្តាយរបស់ក្មេងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជនក្នុងបណ្តាញសង្គម។
ឃើញការផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្ត បាត់ដំបង បានដាក់បញ្ជាដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ស្រាវជ្រាវលើបញ្ហានេះជាបន្ទាន់ និងឱ្យអាណាព្យាបាលជួបទំនាក់ទំនងបំភ្លឺបញ្ហានេះឱ្យបានច្បាស់លាស់និងជាក់ស្តែងជូនដល់សមត្ថកិច្ច។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា នៅវេលាទៀបភ្លឺថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ បានប្រទះឃើញក្មេងប្រុស ស្រីចំនួន ០៤ នាក់ ជិះកង់០២គ្រឿងនៅលើដងផ្លូវ ឃើញដូច្នេះគាត់ក៏បានកាក់សួរក្មេងៗបានឆ្លើយថា ពួកគេបបួលគ្នាជិះ កង់ទៅខេត្តព្រះសីហនុដែលមិនមានឪពុក ម្តាយឬអាណាព្យាបាលណាដឹងទេ ។ ឮដូច្នេះប្រជាពលរដ្ឋបានកាក់ដំណើរ ពួកគេទាំង០៤នាក់ ហើយរាយការណ៍មកសមត្ថកិច្ចនគរបាល។
នៅពេលនេះអាណាព្យាបាលរបស់ក្មេងៗទាំងនេះ បានទទួលព័ត៌មាននេះ និងមកទទួលយកពួកគេវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ទោះជាបែបនេះក្តីសមត្ថកិច្ចផែនជំនាញនិងបន្តសាកសួរស្រាវជ្រាវបន្ថែមលេីការលេីកឡេីងរបស់ពួកគេពីដំណេីរទៅកាន់ខេត្តព្រះសីហនុនេះ។
ករណីនេះក៏សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាពិនិត្យ តាមដាន នូវសកម្មភាពរបស់កូនៗ ជាប់ជាប្រចាំ ក្រែងមានបញ្ហាដូចករណីខាងលើ ករណី នេះជួបប្រជាពលរដ្ឋ ដែលលោក មានការសង្កេត ពិនិត្យ ឬសង័្សយទើបកាក់ដំណើររបស់ពួកគេទុកនិងផ្តល់ព័ត៌មានមកសមត្ថកិច្ច ចុះបើប៉ះចំជនទុច្ចរិតណាមួយនោះតើជោគវាសនាពួកគេទាំង០៤នាក់នឹងទៅដល់ទីណា?
ដូចបានជម្រាបជូនខាងលើ សូមសាធារបណជន ជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមសហការជាមួយសមត្ថកិច្ចដោយ ភាតរបំផុត ៕