ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញវះកាត់ប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានវះកាត់យកគ្រាប់ដែកនៃកាំភ្លើងខ្យល់ ដែលបានបាញ់ធ្លុះចូលក្នុងខួរក្បាលរបស់កុមារាម្នាក់ ដោយជោគជ័យ ជាមួយម៉ាស៊ីនមីក្រូស្កុបវះកាត់ដ៏ទំនេីបបំផុតជំនាន់ថ្មី របស់ប្រទេសអាឡឺម៉ង់។
តាមបណ្តាញទំនាក់ទំនងសង្គម Dr. Beat Richner ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ថា កុមារម្នាក់ គឺជីវិតមួយ ការវះកាត់ខួរក្បាល ជាការវះកាត់ដោយបច្ចេកទេសខ្ពស់ ជាមួយការប៉ិនប្រសប់ -le savoir- faire និងឧបករណ៍វះកាត់ទំនើបមានតម្លៃខ្ពស់។
មន្ទីរពេទ្យគន្ធបុប្ផា បានវិនិយោគ និងដំណើរការវះកាត់ប្រព័ន្ធប្រសាទជាមួយ ម៉ាសុីន Neurosurgical Microscope ម៉ូដែល ZEISS KINEVO 900 ដែលជាម៉ាស៊ីនមីក្រូស្កុបវះកាត់ដ៏ទំនេីបបំផុតជំនាន់ថ្មី របស់ប្រទេសអាឡឺម៉ង់ សម្រាប់ឆ្លុះមេីល និងជួយដល់ការងារវះកាត់ ផ្នែកសរសៃប្រសាទខួរក្បាល ប្រកបដោយមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពខ្ពស់បំផុត។
ជាមួយម៉ាស៊ីនមីក្រូស្កូបនេះ ក្រុមគ្រូពេទ្យជំនាញវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដឹកនាំដោយលោកសាស្ត្រាចារ្យឯកទេស គង់ វុទ្ធី បានវះកាត់យកគ្រាប់ដែកនៃកាំភ្លើងខ្យល់ ដែលបានបាញ់ធ្លុះចូលក្នុងខួរក្បាលរបស់កុមារាម្នាក់ ដោយអចេតនា បណ្តាលឲ្យមានហូរឈាមនិងរបួសសាច់ខួរក្បាល យ៉ាងធ្ងន់ធ្ងរបំផុត ការវះកាត់ត្រូវបានប្រើប្រាស់រយ:ពេលយូរដល់ទៅ ៨ម៉ោង និងប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ ប្រកបដោយជោគជ័យ៕