ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែតុលាឆ្នាំ២០២៥ សហភាពសិទ្ធិកម្មករកម្ពុជា បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងពេញទំហឹងចំពោះសកម្មភាពអសីលធម៌ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបានចំពោះទង្វើរបស់ជនជាតិថៃមួយចំនួនបានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដូចជារូបថត សម្ដេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្តី និងថ្នាក់ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈជាដើម។
យោងតាមប្រភពដដែលបានឱ្យដឹងបន្ថែមថា អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃសីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ និងស្ទើរតែមិនគួរឱ្យជឿសោះឡើយថាប្រជាជាតិមួយដែលតែងតែតាំងខ្លួនថាមានអារ្យធម៌ខ្ពង់ខ្ពស់ បែរជាអាចធ្វើសកម្មភាពដ៏គម្រក់អាក្រក់ជួជាតិនេះបាន។ កម្ពុជាទោះបីជាប្រទេសតូចមានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជា សត្រូវឡើយ លើកលែងតែមកបំពានលើកម្ពុជាមុន៕
ប្រភព ៖ (PRU)