ក្រសួងកសិកម្ម លើក​កម្ពស់​ដល់ប្រជាកសិករអ្នកដាំដុះ អ្នកកែច្នៃ​ នៅខេត្ត​កំពង់​ចាម ក្នុងការ​ធានា​នូវ​និរន្តរភាព នៃទីផ្សារ​ស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំ​ចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ

ចែករំលែក៖

ខេត្ត​កំពង់​ចាម៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅថ្ងៃទី៨​ ខែតុលា ឆ្នាំ២០២៥​ បានឱ្យដឹងថា លោក​ តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុម​ការងារ​ជំនាញ ជួបសំណេះសំណាលជាមួយប្រជាកសិករ ដាំដំណាំស្វាយចន្ទី និងដំណាំដំឡូងមី កាលពីម្សិលមិញនេះ​ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

ដំណើរបេសកកម្មជួបសំណេះសំណាលនោះ មានការចូលរួមពី​លោក សុខ វិសាល លោកស្រី​ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក កាតំ សូណាវណ្ណ អនុប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងក្រុមការងារអគ្គ​នាយក​ដ្ឋានកសិកម្ម មន្រ្តីកសិកម្មឃុំ និងប្រជាកសិករដែលដាំដំណាំ​ស្វាយចន្ទី និងដំឡូងមីនៅតំបន់នោះ។

នាឱកាសជួបសំណេះសំណាលនោះ លោក តូច ប៊ុនហួរ បានពាំនាំនូវ​ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្រ្តី ឌិត ទីណា ជូនដល់​ប្រជា​កសិករ ជាមួយគ្នានោះលោក បានលើកឡើងពីដំណាំស្វាយ​ចន្ទីជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្កានុពលដ៏សំខាន់​មួយ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដូច្នេះប្រជាកសិករគួរ​ពិចារណា​ការធ្វើពិពិធកម្មពីការដាំដំណាំដំឡូងមី មកដាំស្វាយចន្ទីវិញ ដែលមិនព្រួយបារម្ភពីការរកទីផ្សារ និងចៀសវាងពីហានីភ័យ​នានា​ជាដើម។

ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការ បានផ្តល់ការណែនាំដល់​មន្រ្តី​កសិកម្មឃុំទាំងអស់ ដែលមានតួនាទីសំខាន់ នៅក្នុងឃុំមូលដ្ឋាន​របស់​ខ្លួននីមួយៗ ស្វះស្វែងក្នុងការជួយសម្របសម្រួលរកទីផ្សារ ផ្តល់​ព័ត៌មាន​ជូនប្រជាកសិករ ដើម្បីជំរុញអភិវឌ្ឍន៍ផលិតកម្មដំណាំស្វាយចន្ទី ជា​ពិសេស​​ជួយ​លើក​កម្ពស់​ដល់ប្រជាកសិករអ្នកដាំដុះ អ្នកកែច្នៃ ក្នុងការ​ធានា​នូវ​និរន្តរភាព នៃទីផ្សារ​ស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំ​ចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print