ខេត្តកំពង់ចាម៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ជួបសំណេះសំណាលជាមួយប្រជាកសិករ ដាំដំណាំស្វាយចន្ទី និងដំណាំដំឡូងមី កាលពីម្សិលមិញនេះស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ដំណើរបេសកកម្មជួបសំណេះសំណាលនោះ មានការចូលរួមពីលោក សុខ វិសាល លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក កាតំ សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម មន្រ្តីកសិកម្មឃុំ និងប្រជាកសិករដែលដាំដំណាំស្វាយចន្ទី និងដំឡូងមីនៅតំបន់នោះ។
នាឱកាសជួបសំណេះសំណាលនោះ លោក តូច ប៊ុនហួរ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្រ្តី ឌិត ទីណា ជូនដល់ប្រជាកសិករ ជាមួយគ្នានោះលោក បានលើកឡើងពីដំណាំស្វាយចន្ទីជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្កានុពលដ៏សំខាន់មួយ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដូច្នេះប្រជាកសិករគួរពិចារណាការធ្វើពិពិធកម្មពីការដាំដំណាំដំឡូងមី មកដាំស្វាយចន្ទីវិញ ដែលមិនព្រួយបារម្ភពីការរកទីផ្សារ និងចៀសវាងពីហានីភ័យនានាជាដើម។
ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការ បានផ្តល់ការណែនាំដល់មន្រ្តីកសិកម្មឃុំទាំងអស់ ដែលមានតួនាទីសំខាន់ នៅក្នុងឃុំមូលដ្ឋានរបស់ខ្លួននីមួយៗ ស្វះស្វែងក្នុងការជួយសម្របសម្រួលរកទីផ្សារ ផ្តល់ព័ត៌មានជូនប្រជាកសិករ ដើម្បីជំរុញអភិវឌ្ឍន៍ផលិតកម្មដំណាំស្វាយចន្ទី ជាពិសេសជួយលើកកម្ពស់ដល់ប្រជាកសិករអ្នកដាំដុះ អ្នកកែច្នៃ ក្នុងការធានានូវនិរន្តរភាព នៃទីផ្សារស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕