(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scam ខុសច្បាប់មួយកន្លែង និងមានការស្នាក់នៅប្រមូលផ្ដុំគ្នាជនបរទេសដោយខុសច្បាប់ ក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនជាតិចិនចំនួន១៨នាក់។
របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ, លោកឧត្ដមសេនីយ៍ទោ ស ថេន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍, គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ក្រោមសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះបានឃាត់ខ្លួនជនជាតិចិនចំនួន១៨នាក់ (ស្រី២នាក់) ដកហូតបានលិខិតឆ្លងដែន ១៦ច្បាប់, កុំព្យូទ័រ all in one ចំនួន១៦គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន១១គ្រឿង។
ក្រោយបញ្ចប់នីតិវិធី លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទមេខ្លោង ឈ្មោះ Cai Jincheng ជនជាតិចិន ជាមេខ្លោងឆបោក Online Scames ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ដោយចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាមមាត្រាលេខ ៣៧៧ និង មាត្រាលេខ ៣៨០ នៃក្រមព្រហ្មទណ្ឌ។ ខណៈមនុស្ស១៧នាក់ផ្សេងទៀត ត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា៕