ភ្នំពេញ៖ ប្រជាជនថៃបានបង្ហាញការឈឺចិត្តស្អិតទ្រូង នៅពេលដែលឃើញ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបង្ហោះសារគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ខណៈទូតចិនប្រចាំទីក្រុងបាងកក បង្ហាញសារអព្យាក្រឹត្យក្នុងជម្លោះកម្ពុជានិងថៃ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod។
ស្របពេលជាមួយគ្នាដែលឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកក លោក Zhang Jianwei បានធ្វើជំនួបទល់មុខ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតុកែវ (Sihasak Phuangketkeow) នៅទីក្រុងបាងកក ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក Wang Wenbin បានបង្ហោះសារលើបណ្តាញសង្គម ដែលមានខ្លឹមសារថា៖«ចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាការពារបូរណភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ និង នឹងជាដៃគូជាទីទុកចិត្តបានជាដរាបក្នុងការអភិវឌ្ឍរបស់កម្ពុជា»។
តាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ គ្រាន់តែការបង្ហោះសារនេះ បានបណ្តាលឲ្យមានប្រតិកម្មយ៉ាងទូលំទូលាយពីសំណាក់ប្រជាជនថៃ។
គួរជម្រាបជូនថា កាលថ្ងៃទី៨ខែតុលា ស្ថានទូតចិនប្រចាំទីក្រុងបាងកក បានបង្ហោះសារថា លោក Zhang Jianwei ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំក្រុងបាងកក បានជួបពិភាក្សា ជាមួយ លោក សីហស័ក្តិ ភួងកេតុកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ជាថ្មីអំពីជំហអព្យាក្រឹតរបស់ចិនចំពោះជម្លោះកម្ពុជានិងថៃ និង បានបញ្ជាក់ជាថ្មីថា ចិនមិនបានផ្តល់អាវុធឲ្យកម្ពុជាសម្រាប់ជម្លោះជាមួយថៃនោះទេ៕ដោយ៖តារា