កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង បំបែកក្រុមចោរគាស់រោងចក្រ ឃាត់ខ្លួនជនសង្ស័យ ៥នាក់

ចែករំលែក៖

ខេត្តកណ្ដាល÷កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋាន បានធ្វើកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (គាស់រោងចក្រ) បានយ៉ាងជោគជ័យ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោយក្រុមចោរបានធ្វើសកម្មភាពលួចជាច្រើនលើករួចមកហើយ ហើយប៉ូលិសបានឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ក្នុងចំណោមបក្ខពួក ៩នាក់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងនៅថ្ងៃទី៧ តុលា ២០២៥ វេលាម៉ោង ១:៣០នាទីរំលងអាធ្រាត្រ នៅពេលដែលកម្លាំងប៉ុស្តិ៍ប៉ូលិសរដ្ឋបាលរការ និងប្រជាការពារកំពុងល្បាត ហើយបានប្រទះឃើញជនសង្ស័យម្នាក់កំពុងឈរក្បែរម៉ូតូ។ ភ្លាមនោះ ជនសង្ស័យម្នាក់ទៀតបានបោះចោលខ្សែភ្លើងនិងកន្ត្រៃ ហើយរត់ចូលក្នុងព្រៃបាត់។ ពេលនោះនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យឿន គន្ធា ភេទប្រុស អាយុ៣៤ឆ្នាំ។

ប្រភពដដែលបានបន្តថា ក្រោយការសួរនាំ ជនសង្ស័យបានសារភាពថា ពួកគេជាក្រុមចោរគាស់រោងចក្រដែលបានធ្វើសកម្មភាពលួចចំនួន ៤លើករួចមកហើយ។

លើកទី១: នៅថ្ងៃទី២៥ កញ្ញា ២០២៥ ពួកគេបានគាស់រោងចក្រ សាន់ហ្វ៊ែរ ហ្គាមិន យកកាមេរ៉ាសុវត្ថិភាពចំនួន ៥៦គ្រឿង, អាយផេត ៤០គ្រឿង, កុំព្យូទ័រ ៦គ្រឿង និងស៊ីភីយូ ៦ដុំ ដែលមានតម្លៃសរុប ២២.១៨៥ដុល្លារ។

លើកទី២: នៅថ្ងៃទី៥ តុលា ២០២៥ ពួកគេបានលួចដែកស្ពាន់ ២សន្លឹក។

លើកទី៣: នៅថ្ងៃទី៦ តុលា ២០២៥ ពួកគេបានលួចដែកស្ពាន់ ៤៧គីឡូក្រាម។

លើកទី៤: នៅថ្ងៃទី៧ តុលា ២០២៥ ពួកគេបម្រុងនឹងលួចជាថ្មី ក៏ត្រូវបានប៉ូលិសបង្ក្រាបបាន។

ជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន ៥នាក់ រួម មានឈ្មោះ សុខ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ,ឈ្មោះ សឺង ឌុនភេទប្រុស អាយុ២៥ឆ្នាំ,ឈ្មោះឃឹម ផល្លីនភេទ ប្រុសអាយុ ២៤ឆ្នាំឈ្មោះ យឿន គន្ធា ភេទប្រុស អាយុ ៣៤ ឆ្នាំនិងឈ្មោះ តូ នឿន ភេទប្រុស អាយុ ៣៨ឆ្នាំ។ ជនសង្ស័យចំនួន ៤នាក់មានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+). វត្ថុតាងដែលដកហូតបានរួមមាន ម៉ូតូ ២ គ្រឿង, ទូរសព្ទ ២គ្រឿង និងឧបករណ៍សម្រាប់ធ្វើសកម្មភាពលួចមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ រីឯបក្ខពួក ៤នាក់ទៀតដែលកំពុងរត់ គេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ ខ្លួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print