ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងរបស់ប្រទេសថៃរាប់រយនាក់ បានចាប់ផ្តើមបំពានលើអធិបតេយ្យភាពកម្ពុជាជាថ្មីម្តងទៀត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយបានយកគ្រឿងចក្រឈូសឆាយ ដីស្រែរបស់ពលរដ្ឋខ្មែរដែលធ្លាប់អាស្រ័យផល បន្តពីដូនតារាប់សិបឆ្នាំមកហើយ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមអ្នករាយការណ៍ព័ត៌មានរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅភូមិព្រៃចាន់។
កងកម្លាំងថៃដែលប្រដាប់ដោយអាវុធ និងគ្រឿងចក្រឈូសឆាយ បានធ្វើការចូលឈូសឆាយដីនៅភូមិព្រៃចាន់ ចាប់តាំងពីព្រឹកថ្ងៃទី១០ ខែតុលា និងបន្តរហូតដល់រសៀលថ្ងៃដដែលនេះ នៅត្រង់ភូមិសាស្រ្តភូមិព្រៃចាន់ កន្លែងដែលកងកម្លាំងថៃបានមករាយបន្លាលួស និងដាក់កង់ឡាន កាលពីពេលកន្លងទៅ។
គួរជម្រាបជូនថា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលកងកម្លាំងចម្រុះរបស់សៀម បានបន្តទន្ទ្រានឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕