ភ្នំពេញ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន AKP នៃក្រសួងព័ត៍មាន បានចុះផ្សាយថា កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ជាង២២,៣ពាន់លានដុល្លារ គិតត្រឹមរយៈពេល៩ខែដំបូង ឆ្នាំ២០២៤ កើនឡើង១២,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែរការនាំចេញទៅកាន់ទីផ្សារអាមេរិកមានការនាំមុខ។
ជាក់ស្ដែងយោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់៤៦,៩ពាន់លានដុល្លារ កើនឡើង១៤,៨ភាគរយ ដោយក្នុងនោះការនាំចូលមានទឹកប្រាក់ចំនួន ២៤,៦ពាន់លានដុល្លារ កើនឡើង១៦,៦ភាគរយ។
ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអាមេរិកមានតម្លៃជាង ៩,២ពាន់លានដុល្លារ កើនឡើង ២២ភាគរយ, ចិនមានតម្លៃជាង ១,១ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៧ភាគរយ, និងវៀតណាមមានតម្លៃជាង ២,៩ពាន់លានដុល្លារ កើនឡើង ៧,៨ភាគរយ រួមនឹងទីផ្សារផ្សេងទៀត។ សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។
ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី សរសៃអំបោះសិប្បនិម្មិតខ្លីៗ យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត៕