ខេត្តប៉ៃលិន៖ ជនជាតិថៃចំនួន ៥នាក់ (ស្ត្រី ៣នាក់) ដែលលួចឆ្លងដែន បម្រុងមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ចាប់បញ្ជូនទៅថៃវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិនក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានអោយដឹងថា ជនជាតិថៃទាំង ៥នាក់ខាងលើ បានលួចឆ្លងដែនចូលមកកម្ពុជា ដើម្បីមកធ្វើការនៅកម្ពុជា តែត្រូវកងកម្លាំងការពារព្រំដែន ឃាត់ខ្លួនបាន ខណៈពេលពួកគេកំពុងធ្វើដំណើរដោយថ្មើរជើងឆ្លងព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ហើយដោយមានការចង្អុលប
ង្ហាញពីសំណាក់លោក ស្រី អភិបាលខេត្តប៉ៃលិន ក្រុមការងារបានរៀបចំអាហារ និងការស្នាក់នៅជូនជនជាតិថៃទាំងនោះ ព្រមទាំងធ្វើការទំនាក់ទំនងទៅភាគីថៃ ដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសថៃវិញ។
សូមបញ្ជាក់ថា៖ ទោះបីជាមានការបិទច្រកព្រំដែនកម្ពុជា-ថៃ និងស្ថានភាពនៅតាមបន្ទាត់ព្រំដែន មានភាពតានតឹងយ៉ាងណាក៏ដោយ និងទោះបីជាមានការបង្រ្កាបជាញឹកញប់ ពីសំណាក់សមត្ថកិច្ចទាំងពីរប្រទេស ក៏បទល្មើសលួចឆ្លងដែនខុសច្បាប់នៅតែកើតមានឡើង៕ដោយ÷ស សារ៉េត