ប្រទេសកូរ៉េខាងជើងបានរៀបចំព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅទីក្រុងព្យុងយ៉ាងកាលពីល្ងាចថ្ងៃទី 10 ខែតុលា ដើម្បីអបអរសាទរខួបលើកទី 80 នៃការបង្កើតគណបក្សពលករ ដោយមានការចូលរួមពីមេដឹកនាំអន្តរជាតិជាន់ខ្ពស់។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី 11 ខែតុលា ប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំក្នុងទីក្រុងព្យុងយ៉ាង ដើម្បីអបអរសាទរខួបលើកទី 80 នៃការបង្កើតគណបក្សពលករ ជាមួយនឹងការបង្ហាញខ្លួននៃមីស៊ីលផ្លោងអន្តរទ្វីបជំនាន់ថ្មី Hwasong-20 ។ នេះជាលើកទីមួយហើយដែលអាវុធនេះត្រូវបានបង្ហាញជាសាធារណៈ ដែលបង្ហាញពីមហិច្ឆតារបស់ប្រទេសក្នុងការបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។
អគ្គលេខាធិការ និងជាប្រធានរដ្ឋកូរ៉េខាងជើង លោក Kim Jong Un ផ្ទាល់បានដឹកនាំព្រឹត្តិការណ៍នេះ និងថ្លែងសុន្ទរកថា ដោយបង្ហាញពី “ការលើកទឹកចិត្តយ៉ាងកក់ក្តៅ” សម្រាប់យោធាកូរ៉េខាងជើង ដែលចូលរួមក្នុងសកម្មភាពនៅក្រៅប្រទេស។
លោកបានសង្កត់ធ្ងន់ថា “វីរភាពរបស់កងទ័ពនឹងត្រូវបានគេមើលឃើញមិនត្រឹមតែក្នុងការការពារកូរ៉េខាងជើងប៉ុណ្ណោះទេ ថែមទាំងក្នុងការងារកសាងសង្គមនិយម និងគម្រោងនានា” ដែលបង្ហាញពីតួនាទីទ្វេរបស់យោធាក្នុងការការពារទឹកដី និងសង្គមអភិវឌ្ឍន៍។
នៅក្នុងសុន្ទរកថារបស់គាត់នៅឯព្រឹត្តិការណ៍នោះ មេដឹកនាំគីម ជុងអ៊ុន បានបញ្ជាក់ថា កងទ័ពកូរ៉េខាងជើងចាំបាច់ត្រូវ “អភិវឌ្ឍដើម្បីបំផ្លាញរាល់ការគំរាមកំហែង” ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់គាត់ក្នុងការពង្រឹងកម្លាំងយោធារបស់ខ្លួនក្នុងការប្រឈមមុខនឹងសម្ពាធពីខាងក្រៅ។
ពិធីនេះក៏មានការចូលរួមពីនាយករដ្ឋមន្ត្រីចិន លោក Li Qiang ដែលដឹកនាំគណៈប្រតិភូទីក្រុងប៉េកាំង និងអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev អគ្គលេខាធិការ To Lam និងមេដឹកនាំអន្តរជាតិជាច្រើនទៀត៕
រូបថត:KCNA