ភ្នំពេញ ៖ បើទោះបីជាក្នុងពេលនេះ សង្គ្រាមតាមព្រំដែនកម្ពុជា–ថៃ បានស្ងប់ស្ងាត់តែស្ថិតនៅក្នុងសភាពការណ៍ផុយស្រួយនៅឡើយ ដោយសារនាយករដ្ឋមន្ត្រីថៃថ្មីកំពុងតែបង្កើនភាពតានតឹងដោយធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខនិងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់ស៊ីវិលកម្ពុជាឥតស្រាកស្រាន្ត។ ទោះបីជាមានការចូលរួមជាអន្តរជាតិនិងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ផ្ទាល់ ដើម្បីជួយបញ្ចប់សង្គ្រាមនេះក៏ដោយ ក៏ក្តីសង្ឃឹមនេះហាក់ស្ថិតនៅក្នុងសភាពស្រពិចស្រពិលនៅឡើយ។
យោងតាមការផ្សាយព័ត៌មានរបស់ទីក្រុងបាងកកបានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានបដិសេធដោយមិនពេញចិត្ត និងមានប្រតិកម្មមើលស្រាសចំពោះសមត្ថភាព និងសុឆន្ទៈចង់បានសន្តិភាពរបស់សហរដ្ឋអាមេរិកទៅវិញ។ ការបង្ហាញចរិតបែបនេះ មិនត្រឹមតែបង្ហាញពីភាពមិនគោរពទេ ថែមទាំងបង្ហាញពីចរិកក្រអើតក្រទមមិនកោតក្រែងនិងសម្ញែងពីភាពអស្ចារ្យដ៏មហិមារបស់ខ្លួនយ៉ាងខែងរែងហាក់បីដូចជាប្រទេសមហាអំណាចពិភពលោកមួយនេះមិនអាចធ្វើអ្វីបានចំពោះខ្លួនទៅវិញ។
គោលបំណងរបស់ប្រធានាធិបតី Donald Trump គឺជាការចង់បញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃ ដោយសន្តិវិធី ដែលនេះ គឺជាវិធានការនិងជាជម្រើសមួយដ៏ល្អដែលពិភពលោកចង់បាននិងជាទីសារទររបស់មនុស្សជាតិទូទាំងពិភពលោកហើយក៏ជាការបង្ហាញពីទំនួលខុសត្រូវដ៏គួរឲ្យគោរពរបស់លោកក្នុងការអនុវត្តតួនាទីជាអ្នកបង្កើតសន្តិភាពជូនពិភពលោកដែលសាកសមណាស់ក្នុងការទទួលបានពានរង្វាន់នូបែលសន្តិភាព។ ប៉ុន្តែថៃវិញ បែរជាត្រូវបានគេមើលឃើញថាជាប្រទេសមិនស៊ីវីល័យដែលចង់បំផ្លាញសន្តិភាពនិងល្មោភសង្គ្រាមជាមួយប្រទេសជិតខាង ជាពិសេសជាមួយកម្ពុជាទៅវិញ និងថែមទាំងប្រើគ្រប់កលល្បិចដើម្បីបង្កាត់ភ្លើងសង្គ្រាម ដែលនេះ បង្ហាញពីការមិនគោរពច្បាប់អន្តរជាតិផង និងក៏គ្មានភាពស្មោះត្រង់និងមិនគោរពសហរដ្ឋអាមេរិកផងដែរ។
Anutin នាយករដ្ឋមន្ត្រីថៃ បានបដិសេធសំណើរសន្តិភាពរបស់ប្រធានាធិបតីអាមេរិក គឺជាការសរបញ្ជាក់ឲ្យឃើញថា ថៃជាជាតិសាសន៏មួយដែលក្រអើតក្រទម និងបង្ហាញថា ថៃមិនចង់ឲ្យសន្តិភាពកើតឡើងនៅក្នុងតំបន់នោះឡើយ។ពីព្រោះ ពេលដែលអាមេរិកបានស្នើឲ្យមានការចរចាសន្តិភាព បែរជាថៃតបស្នងមកវិញក្នុងរបៀបតម្លើងតម្លៃខ្លួនដោយបានចោទប្រកាន់កម្ពុជា និងធ្វើខ្លួនជាជនរងគ្រោះ ដើម្បីលាក់បាំងអំពើឈ្លានពានកម្ពុជាទៅវិញ។
នាយករដ្ឋមន្ត្រីថៃ Anutin មិនត្រឹមតែបដិសេធចេតនាល្អនោះទេ ប៉ុន្តែថែមទាំងនិយាយបែបមើលស្រាលសមត្ថភាពដឹកនាំរបស់លោក Donald Trump ថែមទៀតផង។ នៅលើពិភពលោកនេះ មានប្រទេសតិចណាស់ដែលរាប់បញ្ចូលទាំងថៃផងដែលបានបដិសេធនិងមើលស្រាលប្រទេសមហាអំណាចដូចសហរដ្ឋអាមេរិកនេះ។ ការមើលស្រាលបែបនេះ គឺបង្ហាញថាថៃកំពុងចង់កាត់សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ហើយថៃកំពុងចង់ដើរលើផ្លូវមួយដែលនាំប្រទេសខ្លួនឈានដៅដល់ក្តីវិនាសហើយ។
ចំពោះសន្តិភាពនិងស្ថិរភាពសង្គម ប្រទេសណាក៏ចង់បានដែរ ប៉ុន្តែថៃវិញ កំពុងប្រើល្បិចសម្តែងជាជនរងគ្រោះហើយបង្ហាញពិភពលោកថាប្រទេសខ្លួនស្ថិតនៅក្រោមការគម្រាមកំហែងពីប្រទេសជិតខាង ខណៈដែលកម្ពុជា ជាប្រទេសតូច និងពុំធ្លាប់មានប្រវត្តិឈ្លានពានប្រទេសណាម្តងឡើយ។ ប៉ុន្តែថៃវិញ បាននិយាយបំផ្លើស ឈ្លានពានប្រទេសកម្ពុជាហើយ និយាយថា ថៃត្រូវ “ការការពារដែនដី និងការពារប្រជាជនខ្លួន” តាមរយៈការបំផ្ទុះសង្គ្រាមហើយចោទកម្ពុជាជាអ្នកបង្ក ដោយបិទបាំងអំពើឈ្លានពាន និងរំលោភអធិបតេយ្យភាពកម្ពុជាដោយគ្មានការខ្មាស់អៀនឡើយ។
ថៃបដិសេធជំហរសហរដ្ឋអាមេរិកនេះមានន័យថា ថៃមិនចង់ឲ្យមានអ្នកអាជ្ញាកណ្តាលអន្តរជាតិទេ ដោយបារម្ភខ្លាចពីការលូកជ្រៅដឹងពីពុតត្បុត និងទង្វើស្មោកគ្រោករបស់ខ្លួនដែលជាការបាក់មុខមាត់ប្រទេសថៃ។ ទោះយ៉ាងណាអំពើរំលោភឈ្លានពាន ការរាយបន្លាលួសលើទឹកដីកម្ពុជានិងការបណ្តេញប្រជាពលរដ្ឋស៊ីវិលកម្ពុជាចេញពីលំនៅដ្ឋានដោយអសីលធ៌មនិងជាពិសេសគឺការដែលយកច្បាប់របស់ប្រទេសថៃមកអនុវត្តលើទឹកដីកម្ពុជាដែលខ្លួនបានកំពុងប្រព្រឹត្តគឺមិនអាចលាក់បាំងបានឡើយ ក្នុងន័យថា «ដំរីស្លាប់យកចង្អេរមកបាំងមិនជិតឡើយ»។
ដូច្នេះ ការគេចវេសរបស់ថៃ ដែលមិនទទួលយកសំណូមពររបស់លោក Donald Trump ដើម្បីស្វែងរកសន្តិភាពពិតប្រាកដនៃការបញ្ចប់ជម្លោះ គឺជាការបង្ហាញយ៉ាងច្បាស់ថា ថៃមិនមានចេតនាឲ្យសង្គ្រាមកម្ពុជា-ថៃបញ្ចប់នោះទេ ពោលគឺចង់បន្តដាក់សម្ពាធលើកម្ពុជា ដើម្បីអនុវត្តឲ្យបាននូវផែនទីចោរខ្នាត ១/៥០០០០ របស់ខ្លួន ផ្ទុយពីកម្ពុជាដែលសំអាងលើផែនទីផ្លូវការដែលបានតម្កល់នៅអង្គការសហប្រជាជាតិខ្នាត ១/២០០ ០០០ និង MOU ឆ្នាំ២០០០ ដែលកម្ពុជា-ថៃ បានឯកភាពគ្នា។
ងាកមកកម្ពុជាវិញ គឺកម្ពុជាបាននិងកំពុងដើរស្របនឹងគោលការណ៍សន្តិភាព និងគោរពយ៉ាងត្រឹមត្រូវនូវបទឈប់បាញ់ ហើយបានគាំទ្រយ៉ាងពេញទំហឹងចំពោះចេតនាល្អរបស់សហរដ្ឋអាមេរិក និងបានចាត់ទុកកម្មភាពនិងចេតនាល្អរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថាជាជំហានដ៏គួរឲ្យគោរពកោតសរសើរក្នុងនាមជាអ្នកស្រឡាញ់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងសម្រាប់ពិភពលោកទាំងមូល។
ការច្រានចោលរបស់ថៃ គឺបានបង្ហាញឲ្យអន្តរជាតិឃើញកាន់តែច្បាស់ថា ថៃ គឺជាជាជាតិសាសន៏មួយដែលចង់បង្កសង្គ្រាមនិងមានចរិតក្រអើតក្រទម និងជាជាតិសាសន៏មួយដែលមិនស៊ីវីល័យ និងមិនមានសុចរិតភាពដែលមិនគួរឲ្យទុកចិត្តបានឡើយ។
ភាពគគ្លើន ការសម្ញែងឬកខ្ពស់ ដោយច្រានចោលចេតនាល្អរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជាភស្តុតាងបង្ហាញច្បាស់ថា ថៃមិនចង់ឲ្យមានសន្តិភាពកើតឡើងនៅក្នុងតំបន់នោះឡើយ។ ហើយការថៃមើលងាយដល់ការសម្របសម្រួលនេះ គឺជាផ្លូវមួយដ៏គ្រោះថ្នាក់ដែលនាំឲ្យប្រទេសថៃប្រឈមមុខនឹងការបាត់បង់ទាំងកិត្តិយស សេចក្តីថ្លៃថ្នូ និងភាពជាប្រទេសស៊ីវីល័យមួយក្នុងក្រសែភ្នែកសហគមន៍ពិភពលោកទៀតផង៕
ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)