សារព័ត៌មាន Reuters បានផ្សាយថា ប៉ាគីស្ថាន នៅថ្ងៃអាទិត្យ ទី១២ ខែតុលា បានបិទព្រំដែនជាមួយអាហ្វហ្កានីស្ថាន បន្ទាប់ពីកងកម្លាំងនៃប្រទេសទាំង២ផ្ទុះអាវុធនឹងគ្នា។
កងទ័ពអាហ្វហ្កានីស្ថានបានបើកការបាញ់ប្រហារលើប៉ុស្តិ៍យាមព្រំដែនរបស់ប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងអ្វីដែលក្រសួងការពារជាតិអាហ្វហ្កានីស្ថាននិយាយថាជាការសងសឹកទៅ នឹងការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថានលើទីក្រុងកាប៊ុល កាលពីព្រហស្បតិ៍កន្លងទៅនេះ។ ទីក្រុងអ៉ីស្លាម៉ាបាដមិនបានទទួលខុសត្រូវលើការវាយប្រហារនេះទេ តែបានចោទប្រកាន់ រដ្ឋបាលតាលីបង់ថាកំពុងផ្ដល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថានដែលវាយប្រហារលើប៉ាគីស្ថាន ក្រោមការទំនុកបម្រុងពីឥណ្ឌា។ ឥណ្ឌាវិញបានច្រានចោលការចោទប្រកាន់ បែបនេះ រីឯអាហ្វហ្កានីស្ថានអះអាងថាមិនបានអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនត្រូវបានប្រើសម្រាប់ការវាយប្រហារលើប្រទេសដទៃនោះទេ។
ជាការឆ្លើយតប ប៉ាគីស្ថានបានឱ្យដឹងថាខ្លួនបានបាញ់តបត និងបាញ់កាំភ្លើងធំ ដោយកម្ទេចប៉ុស្តិ៍យាមព្រំដែនជាច្រើនកន្លែងរបស់អាហ្វហ្កានីស្ថាន។ ការប្រយុទ្ធគ្នាភាគច្រើនបានបញ្ចប់ទៅវិញ នៅព្រឹកថ្ងៃអាទិត្យនេះ តែក្នុងតំបន់ Kurram របស់ប៉ាគីស្ថានគេនៅឮសូរសំឡេងគ្រាប់កាំភ្លើង។ តាមក្រុមមន្ត្រីប៉ាគីស្ថាន ព្រំដែនសំខាន់ចំនួន២ ជាប់ជាមួយអាហ្វហ្កានីស្ថាន គឺ Torkham និង Chaman ត្រូវបានបិទនៅថ្ងៃអាទិត្យនេះ រីឯច្រកព្រំដែនយ៉ាងហោច៣ផ្សេងទៀត Kharlachi, Angoor Adda និង Ghulam Khan ក៏ត្រូវបានបិទផងដែរ។ ភ្លាមៗមិនទាន់មានការអត្ថាធិប្បាយពីទីក្រុងកាប៊ុលនៅឡើយទេពាក់ព័ន្ធនឹងការបិទព្រំដែនរបស់ប៉ាគីស្ថាន។អាហ្វហ្កានីស្ថាន មានព្រំដែនជាប់ប៉ាគីស្ថានប្រវែង ២៦០០គីឡូម៉ែត្រ៕
រូបថត: AP