ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានឪពុកម្តាយដឹកយកទៅសង្គ្រោះព្យាបាល ខណៈដែលក្មេងស្រីកំពុងអង្គុយលក់អីវ៉ាន់ក្នុងតូបមុខផ្ទះ ហើយបុរសម្នាក់ជិះម៉ូតូមកឈប់ក្បែរ រួចទាញកាំបិតប៉័ងតោកា.ប់សន្ធប់តែម្តង បណ្តាលឱ្យរងរបួសក្បាល និងដៃទាំងសងខាង ។
ហេតុការណ៍កាប់ក្មេងស្រី អាយុ១៤ឆ្នាំ រងរបួសធ្ងន់ធ្ងរនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសី បានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ហ៊ុន ម៉ាណា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ រស់នៅជាមួយឪពុកម្តាយក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី។ ចំណែកជនដៃដល់ដែលនគរបាលឃាត់ខ្លួនបានមានឈ្មោះ លុយ កុសល អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិឃុំ ជាមួយគ្នា ។
នគរបាលស្រុកគងពិសីបន្តថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែតុលា មានជន សង្ស័យ ឈ្មោះ លុយ កុសល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានជិះម៉ូតូពីផ្ទះរបស់ខ្លួន ហើយមកដល់ផ្ទះឪពុកជនរងគ្រោះឈ្មោះ ឡាង ចន្ទ្រា អាយុ៣៦ឆ្នាំ រស់ នៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។
រួចហើយជនដៃដល់ក៏បានជិះម៉ូតូត្រឡប់ទៅវិញ ហើយបន្តិចក្រោយមកជនសង្ស័យដៃដល់ខាងលើ ក៏ជិះម៉ូតូត្រឡប់មកវិញម្ដងទៀតដោយមានកាន់កាំបិតប៉័ងតោមកជាមួយ ពេលជិះមកដល់មុខផ្ទះជនរងគ្រោះ ។
ជនសង្ស័យដៃដល់ខាងលើ ក៏បានឈប់ម៉ូតូហើយធ្វើសកម្មភាពចុះលើពីម៉ូតូយកកាំបិតប៉័ងតោកាប់ទៅលើក្មេងស្រីរងគ្រោះ ឈ្មោះ ហ៊ុន ម៉ាណា ភេទស្រី អាយុ១៤ឆ្នាំ ជាច្រើនកាំបិត ដែលកំពុងអង្គុយក្នុងអង្រឹងចាំលក់អីវ៉ាន់ចាប់ហួយមុខផ្ទះ បណ្ដាលឲ្យរងរបួសក្បាល និងប្រអប់ដៃទាំងសងខាងធ្ងន់ធ្ងរ និងដាច់ម្រាមកូនដៃ០១ថែមទៀតផង ។
ភ្លាមៗនោះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាង ជួយអន្តរាគមន៍ឃាត់ជនដៃដល់បាន ។
បើតាមការបញ្ជាក់ពីសាច់ញាតិជនសង្ស័យខាងលើជាមនុស្សសរសៃប្រសាទ ហើយលេបថ្នាំសរសៃប្រសាទជាប្រចាំផងដែរ ។ បើទោះបីជាយ៉ាងណាក៏ដោយ ជន សង្ស័យត្រូវបានឃាត់ខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកគងពិសីដើម្បីសួរនាំ ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ថា បច្ចុប្បន្នជន សង្ស័យដៃដល់ខាងលើត្រូវបានឃាត់ និងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់បន្តតាមផ្លូវច្បាប់៕