ភ្នំពេញ៖ លោកឧត្តមនាវីឯកទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានឲ្យដឹងថា កងទ័ពជើងទឹកបានត្រៀមកម្លាំងនិងមធ្យោបាយរួចជាស្រេចសម្រាប់ចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋ ជួបករណីទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្តនានា។
លោកឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ខណៈគ្រោះទឹកជំនន់បានកំពុងគំរាមកំហែងនៅប្រទេសជិតខាងរបស់កម្ពុជា ហើយក៏ទទួលបានបទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជា លោកនាយឧត្តសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ បញ្ជការដ្ឋានកងទ័ពជើងទឹកបានត្រៀមកម្លាំងនិងសម្ភាររួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍គ្រប់ពេលវេលាទាំងអស់ ពោលគឺ២៤ ម៉ោងលើ២៤ម៉ោង។
លោកឧត្តមនាវីឯកមេបញ្ជាការកងទ័ពជើងទឹកបានបញ្ជាក់ថា«ជារៀងរាល់ឆ្នាំកងទ័ពជើងទឹក តែងតែរៀបចំធ្វើផែនការត្រៀមសង្គ្រោះ គ្រោះមហន្តរាយ ដែលជាពិសេសសង្កត់លើគ្រោះមហន្តរាយដោយទឹកជំនន់។
ក្នុងឆ្នាំ ២០២៥នេះ យើងបានចាត់តាំងកម្លាំង តាមបណ្ដាអង្គភាពចំណុះមានដូចជាទីបញ្ជាការកងទ័ពជើងទឹក ត្រៀម១កងឯកភាពនាវាល្បាតទន្លេ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ១កងឯកភាពលេខ៧០៨ និងនៅមូលដ្ឋានសមុទ្ររាម។ តាមបណ្ដាលកងភាពនីមួយៗ បានរៀបចំមធ្យោបាយសម្ភារៈដូចជា នាវា អូរប័រ ទូក និងពោងសង្គ្រោះជាដើមសម្រាប់ជាមធ្យោបាយសង្គ្រោះនៅពេលមានទឹកជំនន់»។
ជាមួយគ្នានោះដែរ លោកក៏បានឲ្យដឹងផងដែរថា ក្រៅពីត្រៀមនូវកម្លាំង និងធម្យោបាយនានា កងទ័ពជើងទឹកក៏បានត្រៀមនូវស្បៀងអាហារមួយចំនួនសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនូវទឹកជំនន់ទាំងនោះផងដែរ ដើម្បីជួយសម្រាល់ទុក្ខលំបាករបស់ពួកគាត់៕