អតីតសណ្ឋាគារអង្គរមានជ័យមានអាយុកាល ៧៥ ឆ្នាំ ក្រសួងរៀបចំដែនដីនគរូបនីយកម្មបានដាក់គ្រឿងចក្រគ្រោងនឹងរៀបចំវាយកម្ទេចចោលនាពេលខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ: អតីតសណ្ឋាគារអង្គរមានជ័យបានកសាងតាំងពីឆ្នាំ ១៩៥០ ដែលគិតមកដល់បច្ចុប្បន្នមានអាយុកាល ៧៥ ឆ្នាំ នៅព្រឹកថ្ងៃទី ១៣ តុលានេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មបានដាក់គ្រឿងចក្រគ្រោងនឹងរៀបចំវាយកម្ទេចចោលនាពេលខាងមុខនេះ ដោយប្រជាពលរដ្ឋបានទទួលយកដំណោះស្រាយនិងយល់ព្រមចាកចេញហើយ ដោយសារស្ថានភាពបង្កគ្រោះថ្នាក់ខ្លាំងដែលអាចកើតឡើងជាយថាហេតុ។

សំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យដ៏ចាស់ទ្រុឌទ្រោមនេះ មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនឹងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹង និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនិង ម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិត្រូវមានការប្រុងប្រយ័ត្ន ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុដោយសារតែអគារនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម និងត្រូវបានសាងសង់តាំងពីក្នុងអំឡុងឆ្នាំ១៩៥០។

ជាលទ្ធផលពួកគាត់បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ ដោយសារតែអគារដ៏ចំណាស់នេះ ខ្វះការថែទាំនិងខ្វះការជួសជុលត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសអស់រយៈពេលជាយូរឆ្នាំមកហើយ៕

...

ដោយ៖​ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print