ខេត្តកំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត សរុបចំនួន ១០៧រូប។
មានប្រសាសន៍ជារបាយការណ៍ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរាយការណ៍ជូនអង្គប្រជុំ ស្ដីពីលទ្ធការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ពាក់ព័ន្ធចំនួន៨ចំណុច។ ចំណុចទាំង៨នោះរួមមាន៖
(១) អំពីស្ថានភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ។
(២) ការចូលរួមគាំទ្រការអនុវត្តកម្មវិធីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល,។
(៣) សកម្មភាពសំខាន់ៗដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបានអនុវត្ត, (៤) លទ្ធផលនៃការរៀបចំវេទិកាសាធារណៈ,។
(៥) បញ្ហាប្រឈម,។
(៦) សំណូមពរ,។
(៧) ទិសដៅសម្រាប់អនុវត្តបន្ត ។
និង (៨)សេចក្ដីសន្និដ្ឋានជារួម។
ក្រោយបានស្ដាប់របាយការណ៍ លោកឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចបម្រើសេវាសាធារណៈ និងការខិតខំដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទំនួលខុសត្រូវខ្ពស់។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមផ្សព្វផ្សាយចំណុចសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពនានា ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ ជ្រួតជ្រាបពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ បន្ទាប់មក លោកឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំសម្របសម្រួលកិច្ចពិភាក្សា ដើម្បីពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ មុននឹងបន្តរៀបចំជារបាយការណ៍ជូនទៅរាជរដ្ឋាភិបាល និងការពិភាក្សាជុំវិញគន្លឹះក្នុងការដោះស្រាយបញ្ហានិងសំណូមពរនានារបស់ប្រជាពលរដ្ឋផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ណែនាំបន្ថែម សូមឱ្យក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បន្តដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនប្រជាពលរដ្ឋ រួមទាំងបន្តការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងភូមិ ឃុំ មានសុវត្ថិភាពជាដើម។ ការងារចំពោះមុខផ្សេងៗ បានណែនាំឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយស្វែងរកការងារជូនបងប្អូនពលរដ្ឋត្រលប់មកពីប្រទេសថៃ និងការងារគាំទ្រគ្រួសារកងទ័ព រួមទាំការបន្តយកចិត្តទុកដាក់សម្របសម្រួលឯកសារដ្ឋបាលជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការរៀបចំវេទិកាសាធារណៈជាប្រចាំ ដើម្បីផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល និងស្ដាប់ពីទុក្ខកង្វល់ និងចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕
ដោយ ៖ សិលា