ខេត្តកំពត៖ បើយោងតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងរៀបចំលិខិតផ្លូវការភ្ជាប់ជាមួយឯកសារពាក់ព័ន្ធនានា ផ្ញើជូនទៅស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ពាក់ព័ន្ធឃាតកម្មលើនិស្សិតកូរ៉េម្នាក់នៅខេត្តកំពត។ បន្ថែមពីនេះ ក្រសួងមហាផ្ទៃ បានណែនាំឱ្យអគ្គស្នងការនគរបាលជាតិ កោះហៅស្ថានទូតកូរ៉េខាងត្បូតប្រចាំនៅកម្ពុជា ដើម្បីមកស្តាប់ការពន្យល់ផ្ទាល់ និង បង្ហាញបច្ចុប្បន្នភាពបន្ថែមលើរបាយការណ៍ និង ឯកសារ។
អ្នកនាំពាក្យរូបនេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពី《លទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង》ដោយមានបញ្ជាក់ថា ជនរងគ្រោះជានិស្សិតជនជាតិកូរ៉េ ពិតជាបានស្លាប់ដោយសារការគាំងបេះដូងបណ្តាលមកពីការធ្វើទារុណកម្ម និង ឈឺចាប់ខ្លាំង។ ក្រោយទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរកម្ពុជា បានព្យាយាមស្រាវជ្រាវនិង បានចាប់ខ្លួនមនុស្សមួយចំនួនជា ជនជាតិចិន ហើយបានដាក់ទោសតាមច្បាប់ ហើយកំពុងបន្តស្រាវជ្រាវបន្ថែមទៀតលើករណីនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះសំអាតចោលនូវបទល្មើសនានា ជាពិសេសបទល្មើសល្បែងអនឡាញខុសច្បាប់ ដែលជាក្តីបារម្ភរួមរបស់មនុស្សជាតិ ហើយទាមទារចូលរួមដោះស្រាយទាំងអស់គ្នា។
ក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជា ត្រូវបានគេលើកយកមកជជែកយ៉ាងផុសផុលជាថ្មីតាមបណ្តាញសង្គម។ប្រធានធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung នៅថ្ងៃទី១១ តុលា ឆ្នាំ ២០២៥ បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េចាត់វិធានការផ្លូវទូត ដើម្បីឆ្លើយតបនឹងបញ្ហានេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង កោះហៅមន្ត្រីទូតខ្មែរប្រចាំកូរ៉េខាងត្បូងតវ៉ាផ្លូវទូតប្រឆាំងនឹងការស្លាប់និស្សិតកូរ៉េម្នាក់នៅលើភ្នំបូកគោ ខេត្តកំពត៕
ដោយ៖តារា










