ខេត្តកណ្តាល÷ យុវជន២នាក់បានរងរបួសធ្ងន់ធ្ងររហូតសន្លប់ស្តូកស្តឹង និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ក្រោយជិះម៉ូតូបុកនឹងគែមផ្លូវអ៊ុតកៅស៊ូដែលមានកម្រាស់ ១តឹកកន្លះ បណ្ដាលឲ្យដួលខ្លួនឯង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០និង២៥នាទី យប់ថ្ងៃទី១៣ តុលា ២០២៥ នៅលើមហាវិថីសម្តេចតេជោ ក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
យោងតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KZ-0909 បើកបរដោយយុវជនឈ្មោះ ប៉ុល ដាវីនភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ រីឯអ្នករួមដំណើរមានឈ្មោះ ស្រី នីត ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់ នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ អ្នកទាំង ២នាក់ មិនបានពាក់មួកសុវត្ថិភាពនោះទេ។
សមត្ថកិច្ចបានបន្តថា អ្នកបើកបរបានបើកម៉ូតូក្នុងល្បឿនលឿននៅលើជាយផ្លូវថ្មគ្រួស ដែលមិនទាន់បានអ៊ុតកៅស៊ូ ហើយមានទិសដៅពីកើតទៅលិច។ លុះពេលមកដល់កន្លែងកើតហេតុ ក៏បានបើកឡើងទៅលើផ្លូវដែលអ៊ុតកៅស៊ូរួច ប៉ុន្តែបានបុកនឹងគែមផ្លូវបណ្ដាលឲ្យដួលបោកខ្លួនឯង រងរបួសធ្ងន់សន្លប់ស្តូកស្តឹងតែម្តង។
ក្រោយហេតុការណ៍កើតឡើង កម្លាំងជំនាញចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះអន្តរាគមន៍បញ្ជូនជនរងគ្រោះទាំង ២នាក់ ទៅមន្ទីរពេទ្យជាបន្ទាន់។ ចំណែកម៉ូតូដែលរងការខូចខាតស្រាល ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ដើម្បីប្រគល់ជូនជនរងគ្រោះវិញនៅពេលចេញពីមន្ទីរពេទ្យ។
សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់នេះគឺបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរនៅលើជាយផ្លូវថ្មគ្រួស ហើយព្យាយាមបើកឡើងលើផ្លូវអ៊ុតកៅស៊ូក៏បុកនឹងគែមផ្លូវដួលដោយខ្លួនឯង៕