រដ្ឋមន្រ្តី ឌិត ទីណា លើកទឹកចិត្តឱ្យសាកល្បងកែច្នៃនូវផលិតផលថ្មីៗថែមទៀត ដែលមានរសជាតិឆ្ងាញ់ មានភាពច្នៃប្រឌិត វេចខ្ចប់គិតគូរពីសុខភាពអ្នកប្រេីប្រាស់ រក្សាបាននូវរសជាតិដេីមប្រពៃណី អនាម័យ និងសុវត្ថិភាពជូនអតិថិជន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អុីហ្គ័រ ឌ្រីសម៉ាន់(Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ដេហ្សេណេ តេហ្សេរ៉ា(Dejene TEZERA) ប្រធាននាយកដ្ឋាននៃអង្គការយូនីដូ(UNIDO) កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-CAPTURE)។

ស្ថិតក្រោមមូលបទ «បរិវត្តកម្មជលផលកម្ពុជាដេីម្បីកំណេីនប្រកបដោយចីរភាព និងបរិយាប័ន្ន» លោករដ្ឋមន្រ្តី បានអបអរសាទរនូវការអនុវត្តការងារគម្រោងពីមន្រ្តីជំនាញ និងដៃគូអភិវឌ្ឍន៍សហភាពអឺរ៉ុប ព្រមទាំងអង្គការយូនីដូ ដែលបានជំរុញតួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យជលផលកម្ពុជា ទទួលបាននូវចំណេះដឹង ចំណេះធ្វេីក្នុងការកែច្នៃផលិតផលជលផលរួមមាន៖ ត្រីងៀត ប្រហុក ផ្អកជាដេីម ប្រកបដោយគុណភាព សុវត្ថិភាព អនាម័យខ្ពស់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់តាមរយៈការអនុវត្តគម្រោងនេះ ដែលនាំឱ្យវិស័យឯកជនទទួលបានទីផ្សារផ្សារភ្ជាប់នឹងការផលិត ការកសាងទំនុកចិត្តជាមួយអ្នកប្រេីប្រាស់ រក្សាបានការកែច្នៃតាមស្តង់ដាអន្តរជាតិ មានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ ជាពិសេសតម្លៃនៃភាពជាម្ចាស់ ការគិតគូរកែច្នៃម្ហូបដែលជាវប្បធម៌ខ្មែរ រក្សាបាននូវរសជាតិដេីមប្រពៃណីខ្មែរ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអ្នកកែច្នៃទាំងអស់ពិចារណាធ្វេីពិពិធកម្មមករកបរិបទថ្មី ដែលមានសក្តានុពល មានទីផ្សារល្អ ហើយសាកល្បងកែច្នៃនូវផលិតផលថ្មីៗថែមទៀត ដែលមានរសជាតិឆ្ងាញ់ មានភាពច្នៃប្រឌិត វេចខ្ចប់គិតគូរពីសុខភាពអ្នកប្រេីប្រាស់ រក្សាបាននូវរសជាតិដេីមប្រពៃណី ព្រមទាំងធានាអនាម័យ និងសុវត្ថិភាពជូនអតិថិជន។

ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានសំណូមពរដល់សាធារណជន ព្រមទាំងអ្នកប្រេីប្រាស់ និងបរិភោគ បង្កេីនការចូលរួមគាំទ្រផលិតផលក្នុងស្រុកដែលជាកត្តាសំខាន់ចាំបាច់ ជួយលេីកទឹកចិត្តអ្នកផលិតក្នុងវិស័យជលផលឱ្យកាន់តែមានភាពច្នៃប្រឌិត លេីកកម្ពស់ផលិតផលខ្មែរ រក្សាបាននូវការផលិតបែបគុណភាពខ្ពស់ សុវត្ថិភាព អនាម័យ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print