ប្រទេសចិន៖ នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២៥ លោក ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមសន្និសីទអាស៊ាន-ចិន (ហឺណាន) ឆ្នាំ២០២៥ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ស្បៀងនិងកសិកម្ម នៅទីក្រុង Zhengzhou ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
សន្និសីទនេះ រៀបចំឡើងដោយខេត្តហឺណាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងគោលបំណងជំរុញការអនុវត្តសេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំ កំពូលអាស៊ាន និងចិន ក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងនិងកសិកម្មតាមបែប ឌីជីថល រវាងអាស៊ាន និងចិន។
នាឱកាសនេះ លោកអនុរដ្ឋលេខាធិការ បានចូលរួមថ្លែងសុន្ទរកថា ដោយបានរំលេចអំពីក្របខ័ណ្ឌ សហប្រតិបត្តិការរវាងអាស៊ាន និងចិន ដែលផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់កសាងមូលដ្ឋាននៃចក្ខុវិស័យរួម ដើម្បី អភិវឌ្ឍន៍កសិកម្មប្រកបដោយបរិវត្តកម្មឌីជីថល និងភាពឆ្លាតវៃ និងក្របខ័ណ្ឌដៃគូរវាងកម្ពុជា និងចិន ដែលផ្អែកលើការ ប្ដេជ្ញារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងការបើកផ្លូវឲ្យវិនិយោគិន ពាណិជ្ជករ និងសហគ្រិនចិន ជាពិសេស ពីខេត្តហឺណាន ធ្វើកិច្ចសហការ និងវិនិយោគនៅកម្ពុជាលើកសិកម្មឆ្លាតវៃ, ការកែច្នៃកសិផល កសិពាណិជ្ជកម្ម និងការនាំចូលកសិផល។
ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Zhang Min សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សកុម្មុយនីសចិន និងជាអភិបាលរងខេត្ត ហឺណាន តាមការអញ្ជើញ ដោយបានជម្រាបជូនលោកស្រី អំពីសក្ដានុពលនៃវិស័យកសិកម្មកម្ពុជា និងឱកាសវិនិយោគលើវិស័យនេះ សម្រាប់ខេត្ត ហឺណានក្នុងការនាំយកបច្ចេកវិទ្យា វិនិយោគិន និងពាណិជ្ជករ ដើម្បីពង្រីកកិច្ចសហការលើការជួយអភិវឌ្ឃន៍ និង វិនិយោគលើវិស័យកសិកម្ម សំដៅពង្រីកទីផ្សារនាំចូលកសិផលពីប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែម ទៀត។
ទន្ទឹមនឹងនេះ លោកអនុរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Shi Zhongjun អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ចិន លើការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ជាពិសេសពង្រីកកិច្ចសហការ រវាងកម្ពុជា និងចិន តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ចិន ដែលក្នុងនោះ លោកអនុរដ្ឋលេខាធិការ បានជម្រាបជូនថា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរៀបចំ គម្រោងសំណើ ដែលនឹងដាក់ជូនមជ្ឈមណ្ឌលអាស៊ាន-ចិន នាពេលខាងមុខ ដោយបានស្នើ លោកអគ្គលេខាធិការ ជួយសម្របសម្រួលឲ្យគម្រោងសំណើទាំងនោះ ត្រូវបានអនុវត្តជាក់ស្ដែងនៅកម្ពុជា៕