ខេត្តកំពង់ឆ្នាំង៖ មន្ត្រីនគរបាលម្នាក់ដែលមានតួនាទីជានាយប៉ុស្តិ៍នគរបាលថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច បានរងរបួសធ្ងន់ធ្ងរនិងបានស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យស្រុក បន្ទាប់ពីមន្រ្តីនគរបាល រូបនេះបានចេញបំពេញការងារល្បាតការពារដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយត្រូវរថយន្តបុក។
ករណីគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតនេះបានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ តាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោក ម៉ាត់ លី អធិការនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា មន្ត្រីនគរបាលដែលត្រូវរថយន្តបុកស្លាប់នេះឈ្មោះវឿន វ៉ុន ភេទប្រុស អាយុ៤៧ឆ្នាំ ជាមេប៉ុស្តិ៍នគរបាលថ្មឥដ្ឋ ។
លោកអធិការបានឲ្យដឹងថា នៅមុនពេលកើតហេតុ មន្ត្រីនគរបាលរូបនេះបានជិះម៉ូតូមានគ្នា២នាក់ដើម្បីដើរល្បាតការសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំណែកឯកមន្ត្រីនគរបាលម្នាក់ទៀតដោយសារមិនសូវស្រួលខ្លួនក៏បានសុំទៅផ្ទះមុន ហើយនៅសល់តែមេប៉ុស្តិ៍ម្នាក់ឯង បានមកល្បាតដល់ព្រំប្រទល់ឃុំលង្វែក ក៏ត្រូវរថយន្តបុកតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច រហូតដល់ម៉ោង៦ភ្លឺទើបស្លាប់ ។ ចំណែកឯករថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនតែម្តង ៕
ដោយ៖ ចន្ថា