គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតចូលរួមមរណទុក្ខ ចំពោះមរណភាពឯកឧត្តម ខៀវ ណាវី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខ និងបានសម្តែងនូវទុក្ខក្រៀមក្រំ ប្រកបដោយក្តីក្ដុកក្ដួលបំផុតដោយទទួលបានដំណឹងថា ឯកឧត្តម ខៀវ ណាវី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល និងជាទីប្រឹក្សាក្រសួងព័ត៌មាន ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១២:៣០នាទីរំលងអាធ្រាត ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងឧត្តមគតិរបស់ ឯកឧត្តម ខៀវ ណាវី ដែលជាឥស្សរជនមួយរូបធ្លាប់បានរួមចំណែកយ៉ាងសកម្មក្នុងវិស័យព័ត៌មាន និងកាសែតនានា ព្រមទាំងធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្ស ប្រជាជនកម្ពុជា។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ខៀវ ណាវី បានទៅកាន់សុគតិភពកុំបីខានឡើយ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print