ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្ដាប់របាយការណ៍សង្ខេបរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យ ប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។
ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ (៧ កក្កដា-៦តុលា ២០២៥) ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំ បំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងសកម្មក្នុងការចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតី រួមគ្នាជាធ្លុងមួយ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តកងកម្លាំង វីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តនៅព្រំដែន ដោយសម្រេចបាន លទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ មានជាអាទិ៍៖
មុខងារនីតិកម្ម គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំចំនួន៧លើក និង ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន៤លើក ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ចំនួន១ សេចក្តីព្រាងច្បាប់ចំនួន៣ និងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ចំនួន១រូប តំណាងឱ្យព្រឹទ្ធសភា។
ក្រៅពីបំពេញការងារលើមុខងារនីតិកម្ម គណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្ត ទុកដាក់បំពេញការងារយ៉ាងសកម្មដោយបានជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ននានានិងការចុះតាមបណ្តាខេត្ត រាជធានី ចំនួន ៣០លើក ដើម្បីតាមដានមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។
ក្នុងការអនុវត្តមុខងារតំណាង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ បានរៀបចំពិធី សំណេះសំណាលចំនួន៣២លើក មានអ្នកចូលរួមសរុបចំនួន៦.៣៥៣នាក់ ដើម្បីតាមដានអំពី វឌ្ឍនភាពការងារស្តីពីបញ្ហាប្រឈម សំណូមពរ និងតាមដានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍ មូលដ្ឋាន គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពាន របស់ថៃ។ ជាមួយគ្នានេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ បានសហការជាមួយអង្គការ សង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ (IMR) ប្រចាំនៅកម្ពុជា និងសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា ដើម្បីចុះទៅពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន៤១០នាក់ នៅខណ្ឌកំបូល និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជួសជុលអគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាឫទ្ធីសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និង ចុះទៅប្រាស្រ័យទាក់ទង គោរពវិញ្ញាណក្ខន្ធ សួរសុខទុក្ខ និងចែកអំណោយជូនក្រុមគ្រួសារយុទ្ធជន ពលី និងពិការ ក្នុងបុព្វហេតុជាតិមាតុភូមិ ជនភៀសសឹក ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ព្រមទាំងចូលរួមក្នុងកម្មវិធីនានា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយ សំណូមពរ និងសំណើផ្សេងៗ ជូនប្រជាពលរដ្ឋ សរុបចំនួន៤២៥លើក។
ទន្ទឹមនឹងនេះ ក្រុមសមាជិកាព្រឹទ្ធសភាបានជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងអង្គភាពពាក់ព័ន្ធ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាព និងឈ្វេងយល់ អំពីតម្រូវការ បញ្ហាប្រឈម របស់ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី នៅតាមបណ្តាខេត្តទាំង៥ ក្នុង ភូមិភាគទី៧ និងចុះសំណេះសំណាល សួរសុខទុក្ខ និងចែកចង្ក្រានសន្សំសំចៃថាមពល និងផ្តល់ អំណោយជូនប្រជាពលរដ្ឋ គ្រួសារយុទ្ធជនពលី ពិការ ប្រជាជនភៀសសឹក ចាស់ជរា ស្ត្រី និង កុមារ នៅតាមមូលដ្ឋានចំនួន១២លើក និងចូលរួមកម្មវិធីផ្សេងៗចំនួន៣៧លើក។
ព្រឹទ្ធសភាបានទទួលពាក្យបណ្ដឹងចំនួន២០បណ្ដឹង និងបានបញ្ជូនទៅក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនចំនួន១២បណ្តឹង ដើម្បីមុខការ តម្កល់ទុក មិនចាត់ការចំនួន១បណ្ដឹង កំពុងពិនិត្យសិក្សាចំនួន៩បណ្ដឹង ទទួលលិខិតឆ្លើយតបការដោះស្រាយ ពីស្ថាប័នពាក់ព័ន្ធចំនួន៦បណ្ដឹង ផ្តល់ព័ត៌មានទៅម្ចាស់បណ្ដឹងចំនួន២០បណ្ដឹង រម្លឹកនិងជំរុញ ការដោះស្រាយពាក្យបណ្តឹងចំនួន៧បណ្ដឹង និងទទួលឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ ចម្លងជូន មកគណៈកម្មការនានារបស់ព្រឹទ្ធសភាចំនួន៣៣បណ្ដឹង។
ដោយឡែកក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សកម្មភាពការទូតសភាត្រូវបានបន្តពង្រីកកាន់តែសកម្មឡើង ដើម្បីរួម ចំណែកដល់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំពង្រឹងការងារការទូត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជា តំបន់ និងពិភពលោក ក្នុងពេលដែលសភាពការណ៍តំបន់ និងពិភពលោក កំពុងមានភាពច្របូកច្របល់ខ្លាំង និងហានិភ័យខ្ពស់ ដែលកើតចេញពីការបន្តប្រកួតប្រជែង យុទ្ធសាស្ត្រ-ភូមិសាស្ត្ររបស់ប្រទេសមហាអំណាច ភាពតានតឹងនៃជម្លោះ ការរីកសាយនៃសង្គ្រាម ក្នុងតំបន់មួយចំនួននៅលើពិភពលោក និងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយភាគីថៃ។
ក្នុងរយៈពេល៣ខែនៃចន្លោះសម័យប្រជុំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក ព្រមទាំងអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេច អគ្គមហាសេនាបតីតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាម អត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោម តាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃ ទំនាក់ទំនងឡើងវិញ។
ព្រមជាមួយគ្នានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានជួបពិភាក្សាការងារ ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងវិស័យការទូតសភា ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងចូលរួមពិធី ផ្លូវការផ្សេងៗ សរុបចំនួន៤៥លើក និងបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិតក្នុង កិច្ចប្រជុំ និងវេទិកានានា ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ចំនួន ២៨លើក។
ក្នុងឱកាសនេះផងដែរ ព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងសូមថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាព វៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍
របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕