អាមេរិកបដិសេធផ្តល់មីស៊ីល Tomahawk ហើយប្រាប់ឱ្យលោក ហ្សេលេនស្គី ចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៧ ខែតុលា បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី ខណៈបដិសេធការទទូចសុំមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk របស់ទីក្រុងកៀវ ក្នុងពេលដែលលោក ត្រាំ កំពុងខ្នះខ្នែងស្វែងរកដំណោះស្រាយការទូតដើម្បី បិទបញ្ចប់សង្រ្គាម។

កាលពីពេលថ្មីៗនេះ លោក ត្រាំ បានប្រកាសថារូបលោកអាចនឹងផ្ដល់មីស៊ីល Tomahawk ទៅឱ្យអ៊ុយក្រែន ហើយជឿជាក់ថាអ៊ុយក្រែនអាចវាយដណ្ដើមយកទឹកដីរបស់ខ្លួន ទាំងអស់ដែលកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រងត្រឡប់ទៅវិញ។ ប៉ុន្តែ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីប៉ុន្មានថ្ងៃមុននេះ លោក ត្រាំ ហាក់បានផ្លាស់ប្ដូរចិត្ត។ នៅក្រោយជំនួបជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃសុក្រ នៅសេតវិមាន លោក ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមដោយនិយាយថា ជំនួបរវាងអ្នកទាំង២ ពិតជាគួរឱ្យចាប់អារម្មណ៍ និងប្រព្រឹត្តទៅប្រកបដោយមិត្តភាព។ ប៉ុន្តែអះអាងថារូបលោកបានប្រាប់ឱ្យលោក ហ្សេលេនស្គីចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ីដើម្បី បិទបញ្ចប់សង្រ្គាម។
«ប៉ុន្តែខ្ញុំបានប្រាប់គាត់ថា ដូចដែលខ្ញុំបានប្រាប់លោក ពូទីន ថាវាដល់ពេលហើយដែលត្រូវបញ្ឈប់ការកាប់សម្លាប់គ្នា និងចុះកិច្ចព្រមព្រៀង»។ នេះជាការគូសបញ្ជាក់របសលោក ត្រាំ។ លោក ត្រាំ ក៏ហាក់ជំរុញផងដែរឱ្យរុស្ស៉ី និងអ៊ុយក្រែន បញ្ឈប់សង្រ្គាមនៅត្រឹមសមរភូមិសព្វថ្ងៃ ដោយសង្កត់ធ្ងន់ថា «ពួកគេគួរតែបញ្ឈប់នៅត្រឹមទីតាំងដែលពួកគេកំពុង ស្ថិតនៅ។ ទាំងសងខាងសុទ្ធតែអះអាងពីជ័យជម្នះ ដូច្នេះទុកឱ្យប្រវត្តិសាស្ត្រជាអ្នកសម្រេចចុះ»។
ក្រោយជំនួបជាមួយលោក ត្រាំ លោក ហ្សេលេនស្គី ក៏បានលើកឡើងដែរថារុស្ស៉ីខ្លាចមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថាមិនមានសេចក្ដីប្រកាសណាមួយអំពីមីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ ពីព្រោះសហរដ្ឋអាមេរិកមិនចង់បង្កើនជម្លោះនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ លោក ត្រាំ និងលោក ពូទីន គ្រោងនឹងជួបគ្នាជាថ្មីក្នុងកិច្ចប្រជុំកំពូលមួយដែលនឹង ត្រូវរៀបចំឡើងក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នៅ២សប្ដាហ៍មុខទៀតនេះ៕

...

រូបថត​: dantri

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print