អាមេរិកវាយឆ្មក់នាវាមុជទឹកដឹកគ្រឿងញៀនចេញពីប្រទេសវេណេស៊ុយអេឡា

ចែករំលែក៖

ប្រធានាធិបតី Trump បាននិយាយថា យោធាអាមេរិកបានកំណត់គោលដៅលើ “នាវាមុជទឹកដឹកគ្រឿងញៀន” នៅក្នុងសមុទ្រ Caribbean ក្បែរឆ្នេរសមុទ្រ Venezuela ។

ប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី 17 ខែតុលាថា “យើងបានវាយប្រហារនាវាមុជទឹកដែលផ្ទុកគ្រឿងញៀន។ វាគឺជានាវាដែលបានសាងសង់ជាពិសេសដែលអាចដឹកជញ្ជូនគ្រឿងញៀនក្នុងបរិមាណដ៏ច្រើន” ។
លោកបានបន្ថែមថា “នេះមិនមែនជាក្រុមមនុស្សស្លូតត្រង់ទេ។ មិនមានមនុស្សច្រើនទេដែលអាចជាម្ចាស់នាវាមុជទឹក” ។
រដ្ឋមន្ត្រីការបរទេស Marco Rubio បានពណ៌នាការវាយឆ្មក់នេះថាជាផ្នែកនៃ “យុទ្ធនាការប្រឆាំងគ្រឿងញៀន” ដែលកំពុងបន្តរបស់សហរដ្ឋអាមេរិក ហើយបានសន្យាថានឹងបញ្ចេញព័ត៌មានបន្ថែមក្នុងពេលឆាប់ៗនេះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ចាក់ឲ្យបានច្បាស់ថា អ្នកទាំងនេះជាភេរវជន”។
ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានម្នាក់បានសួរអំពីការវាយឆ្មក់របស់យោធាអាមេរិកលើកប៉ាល់ដឹកគ្រឿងញៀននៅសមុទ្រការាបៀនមួយថ្ងៃមុន។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលដឹងពីបញ្ហានេះ បាននិយាយថា គោលដៅគឺជាយាននៅក្រោមទឹក ដែលទំនងជាប្រភេទ ពាក់កណ្តាលមុជទឹក ដែលជាប្រភេទយានដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាញឹកញាប់ ដើម្បីជៀសវាងការរកឃើញ។

ប្រភពមួយបាននិយាយថា “ការវាយប្រហារនេះបានធ្វើឱ្យមនុស្សពីរនាក់ស្លាប់ អ្នកនៅរស់រានមានជីវិតពីរនាក់ត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រ ហើយកំពុងត្រូវបានឃុំខ្លួននៅលើកប៉ាល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក” ។
ប្រសិនបើមានការបញ្ជាក់ នេះជាលើកដំបូងហើយដែលមានអ្នកនៅរស់រានមានជីវិតចាប់តាំងពីរដ្ឋបាល Trump បានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងអំពើភេរវកម្មគ្រឿងញៀននៅសមុទ្រការីប៊ីនកាលពីដើមខែកញ្ញា។ ការវាយប្រហារក៏ចោទជាសំណួរថា តើអ្នកនៅរស់រានមានជីវិតនឹងត្រូវចាត់ទុកជាអ្នកទោសសង្គ្រាម ឬតាមវិធីផ្សេងទៀតដែរឬទេ៕

...

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print