អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់២,៣០០លានដុល្លារសហអាមេរិក ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកនេះ !

ចែករំលែក៖

ភ្នំពេញ ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកនេះ ។

សូមបញ្ជាក់ថា ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់២,៣០០លានដុល្លារសហអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ពិធីសម្ពោធសមិទ្ធផលនៃឈាមអ្នកបន្ដវេន ក្រោមម្លប់សុខសន្ដិភាពនាពេលនេះ មានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល, ក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ១៥០០នាក់។
នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងការរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូប នៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសុខសន្តិភាព និងជាកម្លាំងចលករដ៏សំខាន់ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់ព្រះរាជាណាចក្រកម្ពុជា ជាសកល និងទូទាំងប្រទេស។
ការសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោនេះ ក៏មានការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនដូចជា ក្រុមហ៊ុនអង់គ្លេស Foster & Partners ស្ថាបត្យករនៃស្ថានីយ៍អ្នកដំណើរ, ក្រុមហ៊ុនកាណាដា ATKINS ដែលជាទីប្រឹក្សាបច្ចេកទេស (Consultant) រៀបចំផែនការដើម (Conceptual Plan), ក្រុមហ៊ុនហូឡង់ NACO ដែលជាអ្នករៀបចំផែនការម (Master Planer), ក្រុមហ៊ុនកូរ៉េខាងត្បូង Heerim Architects & Planners ដែលជាទីប្រឹក្សាបច្ចេកទេសផ្នែក គ្រប់គ្រងគម្រោងការ (Project Management Consultant) នៅពេលសាងសង់, ក្រុមហ៊ុនសឹង្ហបុរី Changi ដែលជាទីប្រឹក្សាបច្ចេកទេស (Consultant) លើផែនការអាជីវកម្ម ការរៀបចំទទួលវិញ្ញាបនបត្រីអាកាសចរណ៍ និង ORAT (Operational Readiness and Airport Transfer), ក្រុមហ៊ុនអង់គ្លេស RLB ជាអ្នកពិនិត្យវាស់វែង លើបរិមាណ (Quantity Surveyor), ក្រុមហ៊ុន China State Consultant Third Engineering Bureau Co., Ltd ដែលមកពីប្រទេសចិនជាក្រុមហ៊ុន សាងសង់ស្ថានីយ៍អ្នកដំណើរ ព្រមទាំងក្រុមហ៊ុនម៉ៅការ សាងសង់ និងផ្គត់ផ្គង់ ជាតិ និងអន្តរជាតិផ្សេងៗ ជាច្រើនទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print