លោកបណ្ឌិត​ ម៉ៅ ហាវណ្ណាល់៖ ទីតាំងព្រលានយន្តហោះភ្នំពេញ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រង និងថែរក្សាដោយអាកាសចរណ៍ស៊ីវិល ខណៈការអភិវឌ្ឍទៅអនាគត ស្ថិតអាស្រ័យលើការសម្រេច របស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់​បានគូសបញ្ជាក់ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះថា៖​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានបញ្ឈប់ដំណើរទទួលជើងហោះហើរ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋស្ថិតនៅក្រោមការគ្រប់គ្រង និងថែរក្សាដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប៉ុន្តែយ៉ាងនេះក្តី រដ្ឋាភិបាលមិនបង្ហាញគម្រោងអភិវឌ្ឍន៍ទៅជាអ្វីនៅឡើយទេ។​

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រង និងថែរក្សាដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ហើយចំពោះការប្រើប្រាស់ទីតាំង អាកាសយានដ្ឋាននេះទៅថ្ងៃអនាគត គឺអាស្រ័យលើទស្សនទាន និងការសម្រេចរបស់រាជរដ្ឋាភិបាល»។

លោករដ្ឋមន្ត្រី​ បានលើកឡើងថា ដោយសារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានលក្ខណៈតូចចង្អៀត និងទីតាំងទៀតសោធស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ដែលមិនអាចធ្វើ ការអភិវឌ្ឍ និងពង្រីកតំបន់អាកាសយានដ្ឋាននេះបាន ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើការ អភិវឌ្ឍសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការកំណើនការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើមឡើយមានឈ្មោះថា «អាកាសយានដ្ឋាន អន្តរជាតិពោធិ៍ចិនតុង» ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៤ លើផ្ទៃដីសរុបទំហំ ៣៨៦.៥០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រ ពីចំណុចកណ្តាលរាជធានីភ្នំពេញ និងបានចាប់ផ្តើមបើកឱ្យដំណើរការដំបូងនៅឆ្នាំ ១៩៥៥ ហោះហើរជាលក្ខណៈក្នុងស្រុក និងនៅឆ្នាំ១៩៥៩ អាកាសយានដ្ឋាននេះ ត្រូវបានពង្រឹង និងកែលម្អសម្រាប់ការហោះហើរជាលក្ខណៈអន្តរជាតិ។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ព្រលានយន្តហោះចាស់នេះ នឹងអាចអភិវឌ្ឍន៍ទៅជាហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ដើម្បីអភិវឌ្ឍន៍តំបន់នោះទៅជាតំបន់ដែលផ្តល់នូវសក្តានុពល និងមានប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print