ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាជនទូទាំងប្រទេស ពិតជាមានមោទនភាពក្រៃលែង ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលសាធារណៈថ្មីមួយទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាការតភ្ជាប់កម្ពុជាជាមួយនឹងសកលលោកទាំងមូល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F។
នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិដែលកំពុងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សបញ្ជាក់ឱ្យឃើញពីការរីកចម្រើនសង្គម សេដ្ឋកិច្ច លើគ្រប់វិស័យ ជាពិសេសវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងបានកំពុងបានតភ្ជាប់ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោកកាន់តែទូលំទូលាយស្របតាមគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនោះផងដែរ សម្តេចធិបតី បានគូសរំលឹកផងដែរថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតេជោនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ទិសនិរតីនៃប្រទេសកម្ពុជា រួមមានខេត្តកណ្តាល តាកែវ កែប និងកំពត ដែលបានគិតគូរគ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពយុទ្ធសាស្ត្រ បច្ចេកទេស និងបរិការ។
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ ព្រលានយន្តហោះចាស់ នឹងត្រូវរៀបចំជាសួនសាធារណៈ និងសម្រាប់ការចុះចតពេលមានអាសន្ន ! គ្មានមួយផ្នែកណានៃព្រលានយន្តហោះចាស់ នឹងត្រូវដោះដូរ ឬលក់នោះទេ! សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងជាថ្មីដូច្នេះ ដោយព្រមានថា ក្នុងករណីមានអ្នកខ្សឹបថាអាចចែចូវ ដើម្បីដោះដូរដីព្រលានយន្តហោះនេះបាន ត្រូវរាយការណ៍មករាយរដ្ឋាភិបាល ដើម្បីចាត់វិធានការ។
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ព្រលានយន្តហោះចាស់ ត្រូវត្រូវរៀបចំ ជាសួនសារធារណៈ និងផ្លូវរត់ដែលមានស្រាប់ នឹងត្រូវទុក សម្រាប់ការចុះចតយន្តហោះ ពេលមានអាសន្ន។
ក្រៅពីការចុះចតពេលមានហានិភ័យ ទីតាំងព្រលានយន្តហោះចាស់នោះ ក៏អាចប្រើប្រាស់ សម្រាប់ការចុះចតយន្តហោះពិសេស ឬឧទ្ធម្ភាគចក្រជាដើមដែរ។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ដូច្នេះ រួមបន្ថែមថា៖ «ប៉ុន្តែមួយទៀត គឺយើងត្រៀមរៀបចំជាសួនសាធារណៈ ដើម្បីឱ្យអ្នកភ្នំពេញ អាចប្រើប្រាស់។ គឺជាគោលដៅធំ។ […] កន្លែងនេះមានហេដ្ឋារចនាសម្ព័ន្ធស្រាប់។ ហើយឥឡូវយើងកំពុងគិតគូរដាំដើមឈើបន្ថែម កុំឱ្យប៉ះពាល់ផ្លូវរត់។»។
ក្រៅពីនេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល គ្រោងនឹងរៀបចំទីតាំងអគាដែលមានស្រាប់ មួយផ្នែកទៅជាសារមន្ទីរ និងបង្កើតឱ្យមានសកម្មភាពសេដ្ឋកិច្ចមួយចំនួន ក្រោមកិច្ចសហការវិនិយោគជាមួយវិស័យឯកជន៕
ដោយ ៖ សិលា