ភ្នំពេញ៖ ក្រោយពីប្រកាសបើកសម្ពោធចាក់បញ្ចាំងជាផ្លូវការនៃខ្សែភាពយន្តខ្មែររឿង”ចន្ទ្រា”នៅប្រទេសថៃ ខ្សែភាពយន្តនេះនឹងចាប់ផ្តើមចាក់បញ្ចាំងនៅរោងកុនទំនើប”នៅកម្ពុជាចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ផលិតករខ្សែភាពយន្តខ្នាតធំមួយនេះរំពឹងថា ប្រាក់ចំណូលដែលបានពីការលក់សំបុត្រនៅក្នុងស្រុកអាចកលើនរហូតដល់៣០ម៉ឺនដុល្លារដោយមិនគិតពីការដាក់បញ្ចាំងនៅ៥ប្រទេសផ្សេងទៀត។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសាព័ត៌មានមួយកាលពីល្ងាចថ្ងៃទី៧ខែកញ្ញានេះ នៅរោងភាពយន្ត Major Cineplex ក្រោមវត្តមានសិល្បករ ផលិតករជាច្រើនរូបចូលរួម។
លោក ប៉ុល វិបូ ហៅ នីត អគ្គនាយកផលិតកម្ម អង្គរភីកឈ័របានបញ្ជាក់ថា រឿង”ចន្ទ្រា” គឺជាស្នាដៃទី២របស់ផលិតកម្មបន្ទាប់ពីខ្សែភាពយន្តដ៏ល្បីរឿង”ស្បែកគង់”។ លោកបញ្ជាក់ថា រឿងថ្មីនេះបានប្រើរយៈពេលជិតមួយឆ្នាំក្នុងការផលិត និងជាការផលិតដោយយកចិត្តទុកដាក់ទាំងបច្ចេកទេស ការជ្រើសរើសតួសម្តែង សាច់រឿង និងទីតាំងថត។ រឿងនេះប្រើ កាំមេរ៉ា ទំហំ ៤,៥ ខេ និង សម្លេង Surround Sound 7.1 ចូលរួមសម្តែងដោយតារាភាពយន្តល្បីៗ៤ជំនាន់។ លោកថា ភាពយន្តនេះបានចំណាយទុនជាង៣០ម៉ឺនដុល្លារ ខណៈប្រទេសថៃទទួលស្គាល់គុណភាពគុណខ្មែរហើយ ដោយនឹងចេញទៅចាក់បញ្ចាំងនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសឡាវ និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។ លោកលើកឡើងដែរថា កន្លងមកខ្សែភាពយន្តខ្មែរដែលទទួលបានការគាំទ្រច្រើនអាចរកប្រាក់ចំណូលបានប្រមាណ៣០ម៉ឺនដុល្លារអាមេរិកពីការចាក់បញ្ចាំងដែលវាអាចទូទាត់ជាមួយការចំណាយបាន ហើយលោកក៏រំពឹងទទួលបានប្រាក់ចំណេញពីការចាក់បញ្ចាំងនៅរោងភាពយន្តនៅបរទេស។ លោកថា ទោះមិនចំណេញច្រើនសម្រាប់ថ្ងៃនេះ ប៉ុន្តែផលិតកម្មអាចនឹងចំណេញនៅថ្ងៃអនាគតដែលយ៉ាងហោចណាស់ក៏ផលិតកម្មលោកអាចជំរុញឲ្យខ្សែភាពយន្តខ្មែរត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តនៅក្រៅប្រទេសបាន។ លោក នីត បានបន្ថែមថា គួរឱ្យមោទនភាពណាស់ដែលខ្សែភាពយន្តដ៏ល្អប្រណីត របស់កម្ពុជាមួយនេះត្រូវបានចែកចាយដោយភាពយន្តបរទេសទិញដើម្បីយកចាក់បញ្ចាំងនៅរោងភាពយន្ត អូស្រ្តាលី និង អាមេរិក។ ខ្សែភាពយន្តខ្នាតធំមួយនេះនឹងចាក់បញ្ចាំងនៅតាមគ្រប់រោងកុន ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ទាំងភ្នំពេញនិងសៀមរាប។
តារាសម្តែងក្នុងខ្សែភាពយន្តនេះមានដូចជា កញ្ញាម៉ាក សែនសូនីតា អ្នកនាង ចន ច័ន្ទលក្ខិណា លោក ញ៉ែម សុគន្ធ លោក ទេព រិន្ទដារ៉ូ នាយក្រូច អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីវុឌ្ឍ និងតារាសម្តែងតារាកំប្លែងជាច្រើនរូបទៀត។ សិល្បករដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះបានបង្ហាញពីមោទនភាពចំពោះខ្សែភាពយន្តដែលមានគុណភាពស្តង់ដា និងមានឱកាសចេញទៅចាក់បញ្ចាំងនៅរោងភាពយន្តបរទេសបាន។ ពួកគេរំពឹងដែរថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនលើសលប់ពីសំណាក់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាននៅពេលចាក់បញ្ចាំងជាផ្លូវការ។
គួរបញ្ជាក់ដែរថា រឿង”ចន្ទ្រា”គឺជាដំណើរផ្សងព្រេងដ៏សែនចម្លែករបស់នាងចន្រ្ទា ដើម្បីរួចផុតពីបណ្តាសារបស់មេធ្មប់។ ពេលចន្ទ្រាមានអាយុ១៨ឆ្នាំនាងត្រូវមេធ្មប់សម្លាប់បណ្តែតទឹក ហើយដាក់បណ្តាសានាងមិនឱ្យចាប់ជាតិបានជារៀងរហូត លើកលែងមានបុរសបរិសុទ្ធថើបខ្មោចនាងដោយចិត្តស្មោះ។ មេធ្មប់បានចង់ព្រលឹងនាងចន្រ្ទានឹងដែកគោល ហើយបានដំបង្កប់នៅក្នុងក្តារដើម្បីកុំឱ្យព្រលឹងនាងហោះទៅរកជំនួយបាន។ ក្តារនោះអណ្តែតតាមទឹកអស់រយៈពេល២០ឆ្នាំរហូតដល់ថ្ងៃមួយយុវជន៤នាក់បានស្រង់ក្តារនោះឡើង ហើយយុវជនម្នាក់បានដកដែកគោលនោះចេញដោចៃដន្យ។ ចន្ទ្រាចេញមកហើយនាងនៅក្មេងហើយស្អាតណាស់តែនាងជាខ្មោចដដែល៕
ដោយ៖ វឌ្ឍនា