ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅបុរីវប្បធម៌កោះសំពៅមាស ខេត្តពោធិ៍សាត់ ប្រារព្ធពិធីអបអរសារទរទិវាអក្ខរកម្មជាតិ-អន្ដរជាតិ ៨ កញ្ញា លើកទី១៦ ប្រធានបទ «អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ» ក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Anne Lemaistre ប្រធានអង្គការ យូណេស្កូ ប្រចាំនៅកម្ពុជា ព្រមទាំងវត្តមានចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំ ជាបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អក្ខរកម្មមិនគ្រាន់តែធ្វើឲ្យអ្នកសិក្សា ចេះអាន ចេះសរសេរ ចេះនិយាយបានត្រឹមត្រូវនោះទេ ថែមទាំងធ្វើឲ្យចេះរកប្រាក់ចំណូលចិញ្ចឹមជីវិតខ្លួនឯងផង និងក្រុមគ្រួសារផង ពិសេសកែលម្អកម្រិតជីវភាព រស់នៅរបស់ពួកគេកាន់តែប្រសើរឡើង។ មិនត្រឹមតែ ប៉ុណ្ណោះ អក្ខរកម្មរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សនាឆ្នាំ២០១៦-២០៣០ និងដើម្បីផ្សារភ្ជាប់ការងារអក្ខរកម្មទៅនឹងការសិក្សាពេញមួយជីវិត ពិសេសឈានទៅសម្រេចបាននូវគោលដៅថ្មី គឺប្រែក្លាយពលករដែលប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញវិជ្ជាជីវៈ តាម «យុទ្ធសាស្ត្រ កំណើនថ្មី» របស់កម្ពុជា៕
ដោយ៖ សីលា