រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ “ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ២០២៥” នេះបានបង្ហាញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាជាពិសេសឧស្សាហកម្មម៉ាយស៍

ចែករំលែក៖

ភ្នំពេញ៖​ លោក​ ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥​  បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ ការតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៥ (CAMFood & CAMHotel 2025) ជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលំដាប់កំពូល ដែលស្ថិតក្នុងវិស័យស្នាក់នៅ វិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងជាវេទិកាជំនួបរវាងអាជីវកម្ម និងអាជីវកម្ម (B2B) ដ៏សំខាន់បំផុតមួយនៅកម្ពុជា។

ក្នុងពិធីដ៏អធិកអធមនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ង្វៀន មិញ វូ ( Nguyen Minh Vu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា, លោក Gerard Leeuwenburgh អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Informa Market ប្រចាំប្រទេសកម្ពុជានិងម៉ាឡេស៊ី, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាណាណិជ្ជកម្មកម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធប្រមាណជាង ២០០រូប។ 

ថ្លែងក្នុងឱកាសនៃព្រឹត្តិការណ៍នេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនថាការរៀបចំ “ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ២០២៥” នេះបានបង្ហាញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាជាពិសេសឧស្សាហកម្មម៉ាយស៍ (MICE: Meeting, Incentive, Convention, Exhibition) ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មទាំងក្នុងនិងក្រៅប្រទេស, ការនាំអ្នកវិនិយោគ, ម្ចាស់អាជីវកម្មអន្តរជាតិ មកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍ និងបរិយាកាសអំណោយផលនៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ ចំពោះសេចក្តីទុកចិត្តលើរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវកត្តានូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ដែលជា  មូលដ្ឋានគ្រឹះគាំទ្រដ៏សំខាន់ក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ព្រមទាំងធានាដល់ភាពធន់នៃវិស័យទេសចរណ៍ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានគាំទ្រឱ្យរៀបចំកម្មវិធី និងព្រឹត្តិការណ៍បែបនេះបន្ត និងកាន់តែធំជាងនេះទៀត ព្រោះព្រឹត្តិការណ៍នេះ ស្តែងឱ្យឃើញពីកិច្ចហការប្រកបដោយផ្លែផ្កាវិជ្ជមាន រវាងរដ្ឋ និងការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលឆ្លើយតបទៅនឹងការអនុវត្តអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របទៅនឹងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ផងដែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍តាំងពិព៍រណ៍អន្តរជាតិនេះ នឹងប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានស្តង់ពិព័រណ៍ចូលរួមប្រមាណជាង ៣០០ស្តង់ មកប្រទេសចំនួន៩ រួមមាន៖ កម្ពុជា, វៀតណាម, ម៉ាឡេស៊ី, អាម៉េរិក, ចិន, សាធារណរដ្ឋ  កូរ៉េ, អ៊ីតាលី, ហ្វាំងឡង់ និង សិង្ហបុរី ដោយរំពឹងទុកថានឹងមានអ្នកទស្សនា ប្រមាណ ១២.០០០នាក់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print