ខេត្តកណ្ដាល÷បុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុបត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងពីករណីចាប់រំលោភសេពសន្ថវៈបាន សម្រេចរហូតដល់ ២ដង ហើយថែមទាំងលួចយកប្រាក់របស់នាងជាង ១លានរៀលទៀត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតនៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាក់ សាម៉ីហះ ភេទស្រី អាយុ៤៣ឆ្នាំជនជាតិខ្មែរឥស្លាម មុខ របរកសិករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំកើតហេតុ។ លោកអធិការបានបន្តថា ជនសង្ស័យមានឈ្មោះ កែវ ចំរើន ហៅ ចាវ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលភូមិព្រៃពែក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយជនសង្ស័យរូបនេះមានសារធាតុញៀនវិជ្ជមានក្នុងខ្លួន។
លោកអធិការបានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះបានស្នាក់ នៅបន្ទប់ជួលជាមួយមិត្តភក្តិដើម្បីស្វែងរកការងារធ្វើ ហើយក៏បានជួលម៉ូតូឌុបរបស់ជនសង្ស័យជិះទៅធ្វើបណ្ណ ប.ស.ស. និងធ្វើកាតធនាគារ ABA នៅមុខផ្សារត្រពាំងអំពិល រួចបន្តទៅធ្វើកាត ប.ស.ស. នៅផ្សារព្រែកផ្ដៅ ខេត្តកំពង់ស្ពឺ។ តែដោយបុគ្គលិកបានប្រាប់ថា មិនអាចធ្វើបានទេ លុះត្រាតែមានលិខិតបញ្ជាក់បម្រើការងាររបស់ក្រុមហ៊ុនណាមួយទើបធ្វើបាន។ បន្ទាប់មក ស្ត្រីរង គ្រោះក៏បានឲ្យជនសង្ស័យឌុបត្រឡប់ទៅបន្ទប់ជួលវិញដើម្បីសម្រាក។
លោកអធិការបានបន្តថា ពេលទៅដល់បន្ទប់ជួល ស្រាប់ តែជនសង្ស័យបានចូលទៅក្នុងបន្ទប់របស់ស្ត្រីរងគ្រោះ ហើយបានបិទទ្វារដាក់កន្លឹះ។ បន្ទាប់មក ជនសង្ស័យបាននិយាយលួងលោម ចាប់អោបស្ត្រីរងគ្រោះ ដោយសន្យារកការងារឲ្យធ្វើ និងរកបន្ទប់ជួលឲ្យស្នាក់នៅ រួចក៏ចាប់រំលោភស្ត្រីរងគ្រោះបានសម្រេចរហូត ២ លើក។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះចូលក្នុងបន្ទប់ទឹកសម្អាត ខ្លួន ពេលចេញមកវិញ ក៏ស្រាប់តែបាត់ជន សង្ស័យ និងបាត់ទាំងកាបូបដាក់លុយចំនួន ១.០២០.០០០រៀល (មួយលានពីរម៉ឺនរៀល)។ ស្ត្រីរងគ្រោះក៏បានទូរសព្ទ័ទៅមិត្តភក្តិដើម្បីទាក់ទងជនសង្ស័យ តែជនសង្ស័យព្យាយាមឆ្លើយបដិសេធ។ ក្រោយមក ទើបស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលលំហាច ដើម្បីសុំកិច្ចអន្តរាគមន៍។
លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានពាក្យ បណ្ដឹងភ្លាម សមត្ថកិច្ចក៏បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភស្ត្រីរងគ្រោះបានសម្រេច២ដង និងបានលួចយកលុយរបស់ស្ត្រីរងគ្រោះចំនួន ១.០២០.០០០រៀល (មួយលានពីរម៉ឺនរៀល) ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕










