ខេត្តកណ្តាល÷ជនសង្ស័យជាមុខសញ្ញាចាស់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារចំនួន២លើករួចមកហើយបាន បន្តបង្កអំពើហិង្សាដោយចេតនា កាន់កាប់កាំបិតផ្គាក់កាប់ប្រហារទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសដេរអស់ ១២ថ្នេរ។ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ រួមទាំងវត្ថុតាង។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឿន មករា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរលក់ទឹកសុទ្ធ រស់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រងរបួសស្នាមរយៈស្មារខាងឆ្វេង ១កន្លែង ដេរអស់ ១២ថ្នេរ។
លោកអធិការបានបន្តថា ជនសង្ស័យមានឈ្មោះ រ៉ា វីរៈ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបររើសខ្យង រស់នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ។ ជនសង្ស័យរូបនេះមានសារធាតុញៀនវិជ្ជមានក្នុងខ្លួន ហើយធ្លាប់មានប្រវត្តិជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ២លើក ៖ ករណីលួចមាន់ ជាប់ពន្ធនាគារចំនួន ៦ខែ និងករណីប៉ុនប៉ងលួច ជាប់ពន្ធនាគាររយៈពេល ៨ខែ។
ប្រភពសមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ (ថ្ងៃទី ១៩ តុលា ២០២៥) ជនរងគ្រោះបានមកទិញខ្យងពីជនសង្ស័យ ១គីឡូក្រាមតម្លៃ ៥០០រៀល។ ជនសង្ស័យក៏បានសុំលុយជនរងគ្រោះបន្ថែម តែជនរងគ្រោះមិនមានលុយឲ្យ។ លុះដល់វេលាម៉ោង ២១:០០នាទី យប់ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូមកដល់ផ្ទះជន សង្ស័យ ក៏ត្រូវជនសង្ស័យយកកាំបិតផ្គាក់កាប់ត្រូវចំស្មាខាងឆ្វេងដោយមិនដឹងមូលហេតុ។ ក្រោយពីកាប់រួច ជនសង្ស័យបានរត់គេចខ្លួនបាត់។
ក្រោយក្រុមគ្រួសារយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរ ពេទ្យរួច ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាក្តុលដើម្បីជួយស្រាវជ្រាវរកជនសង្ស័យ។ លោកអធិការបានឲ្យដឹងទៀតថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ កម្លាំងដឹកនាំដោយលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលតាក្តុល លោកវរសេនីយ៍ត្រី ផន លីកូ ក៏ឃាត់ខ្លួនជនសង្ស័យបាន រួមទាំងវត្ថុតាងជាកាំបិតផ្គាក់ដងឫស្សីចំនួន ១ដើម យកមកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាដោយ ចេតនា កាប់ប្រហារទៅលើជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធីច្បាប់៕










