ខេត្តប៉ៃលិន ៖ ក្រោយពេលធ្វើការរយៈពេល១ព្រឹកពេញរហូតដល់ម៉ោងទទួលអាហារថ្ងៃត្រង់កម្មករសំណង់ ៣នាក់ បាននាំគ្នាដើរទៅដកផ្សិតនៅតាមមាត់អូរ យកមកឆាធ្វើម្ហូបទទួលទានជាមួយគ្នា។ លុះមួយសន្ទុះក្រោយ មក ស្រាប់តែមានអាការៈចុកឆ្អល់ពោះ និងក្អួតចង្អោរ ស្ទើរបែកប្រមាត់ ក៏នាំគ្នារកទឹកឃ្មុំ និងក្រូចឆ្មា ដើម្បីផឹកបន្សាបជាតិពុលដែរ តែដោយសារស្ថិតក្នុងសភាពកាន់ តែធ្ងន់ទៅៗ ទ្រាំលែងបាន ក៏ត្រូវបានអាជ្ញាធរ និងប្រជាការពារភូមិ ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្តប៉ៃលិន ត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍កម្មករសំណង់ចំនួន០៣នាក់ពុលផ្សិតនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីលោក ផាន់ ម៉ៃ ប្រជាការពារភូមិផ្សារព្រំ បានឱ្យដឹងថាជនរងគ្រោះដែលពុលផ្សិតខាងលើ,ទី១- ឈ្មោះ ផាត ថេង ភេទប្រុស អាយុ៤២ឆ្នាំ ទី២-ឈ្មោះ ចាន់ ស៊ីនួន ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៣-ឈ្មោះ ស៊ីម ប៊ុនថា ភេទប្រុស អាយុ២២ឆ្នាំ ពួកគេទាំងអស់គ្នាជាកម្មករចំណាកស្រុកមកពីខេត្តផ្សេងៗ ដោយបច្ចុប្បន្នស្នាក់នៅធ្វើការក្នុងភូមិឃុំខាងលើ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីកម្មករជាច្រើនដែលស្នាក់នៅក្នុងភូមិខាងលើ បានសម្រាកពីការងារសំណង់ ពួកគេម្នាក់ៗ បានធ្វើម្ហូបអាហារទទួលទាន ដោយឡែកមានកម្មករចំនួន៣នាក់ បាននាំគ្នាដើរទៅក្បែរមាត់អូរ ក៏ប្រទះឃើញផ្សិតដុះលូតលាស់ល្អ ទើបនាំគ្នាដកយកទៅឆាធ្វើម្ហូបទទួលទានតែម្តង។ ក្រោយពេលទទួលទានរួច ពួកគេទាំងអស់គ្នាក៏នាំគ្នាចុះទៅធ្វើការដូចសព្វដង ។ ស្រាប់តែដល់វេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែល អ្នកដែលហូបផ្សិតទាំងនោះរួច មានអាការឈឺក្បាល វិលមុខ ហេវហត់ អស់កម្លាំង និងចុកឆ្អល់ក្នុងពោះ ហើយចាប់ផ្តើមក្អួតចង្អោរតែម្តង។
លោក ផាន់ ម៉ៃ បានបញ្ជាក់ទៀតថា ដោយសារតែក្អួតនិងរាករូសមិនឈប់ ពួកគេក៏ទៅរកទិញទឹកឃ្មុំ និងក្រូចឆ្មាយកមកច្របាច់ផឹក ដើម្បីសន្សាបជាតិពុល។ ទោះបី ជាយ៉ាងណា ក៏បញ្ហាក្អួតចង្អោរនេះមិនអន់ថយឡើយ ពោលគឺកាន់តែធ្ងន់ធ្ងរឡើងៗ ទើបលោកប្រញាប់ទាញយករថយន្តដឹកជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ហើយក៏ត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេពេលវេលា។
មកដល់ព្រឹកថ្ងៃទី២៤ ខែតុលានេះ ជនរងគ្រោះទាំង៣នាក់ បានធូរស្បើយដូចដើមឡើងវវិញ ក៏ត្រូវបានលោកដឹកយកទៅកន្លែងធ្វើការវិញហើយ ដើម្បីបន្តការងាររបស់ខ្លួននៅក្នុងភូមិខាងលើ ហើយក៏ទទួលបានការណែនាំពីអាជ្ញាធរភូមិអូរឈើក្រំ ឱ្យមានការប្រុងប្រយ័ត្នក្នុងការដកផ្សិតនៅតាមអូរយកទៅធ្វើម្ហូបទទួលទានផងដែរ ៕










