ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្វាយរៀងខេត្តខ្ញុំ» សូមលុបវីដេអូចាស់ទាក់ទងនឹងការតវ៉ារបស់កម្មករ-កម្មការិនី នៅរោងចក្រ ថូនវីន ជាបន្ទាន់ ព្រោះករណីនេះត្រូវបានដោះស្រាយចប់រួចរាល់ហើយ។
បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះថា ចំពោះករណីការតវ៉ារបស់កម្មករ-កម្មការនី នៅរោងចក្រ ថូនវីន គឺត្រូវបានមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយអាជ្ញាធរមូលដ្ឋានដោះស្រាយចប់រួចរាល់ហើយ។
ដូច្នេះ អ្នកនាំពាក្យក្រសួងការងារ បានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្វាយរៀងខេត្តខ្ញុំ» លុបចេញវីដេអូចាស់ដែលខ្លួនបង្ហោះ កាលពីថ្ងៃទី២៣ ខែតុលានោះ ចេញជាបន្ទាន់ ដើម្បីចៀសវាងកុំឱ្យមានការភាន់ច្រឡំដល់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត។
ជាមួយគ្នានេះ លោក ស៊ុន មេសា ក៏បានស្នើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត សូមកុំចែករំលែកវីដេអូនោះបន្ត ព្រោះជាករណីចាស់ដែលត្រូវបានដោះស្រាយរួចរាល់ហើយ ដើម្បីចៀសវាងកុំឱ្យមានការភាន់ច្រឡំដល់អ្នកដទៃទៀត៕
ដោយ៖តារា










