ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនដែលអះអាងថា «ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសថៃ កើនឡើងយ៉ាងខ្លាំងដល់ ១១​ករណីនៅឆ្នាំនេះ»

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាមការចុះផ្សាយពីសារព័ត៌មាន thethaiger កាលពីថ្ងៃទី ២៣តុលា ប៉ូលិសស៊ើបអង្កេតថៃបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនដែលអះអាងថា «ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសថៃ កើនឡើងយ៉ាងខ្លាំងដល់ ១១​ករណីនៅឆ្នាំនេះ»។

ទាក់ទង​នឹង​របាយការណ៍​របស់ The Korea Herald និងកាសែត Korea Economic Daily ដែល​ផ្អែក​លើ​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូងនាពេលថ្មីៗនេះ លោក Chaturaphat មេបញ្ជាការ​នៃ​នាយកដ្ឋាន​ការបរទេស និង​ជា​អ្នកនាំពាក្យ​រង​បាន​ឆ្លើយ​តប​នឹង​ការ​អះអាង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងត្បូង​ថា បញ្ហា​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេតយ៉ាងលម្អិត ហើយ​ការពិត​គ្រាន់តែ​ជា​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ប៉ូលិសថៃមិនព្រងើយកន្តើយនឹងរឿងនេះទេ ហើយបានអនុវត្តវិធានការសន្តិសុខ ដោយធ្វើការការពារភ្ញៀវទេសចរពីការធ្លាក់ខ្លួនជាជនរងគ្រោះនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន។ ជាពិសេសពេលនេះ ប្រទេសថៃមិនសប្បាយចិត្តនឹងព័ត៌មានកូរ៉េដែលផ្សាយចោទទៅលើប្រទេសថៃទាំងស្រុងទេ។

យ៉ាងណាមិញ ប្រទេសថៃបានក្លាយគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនកូរ៉េខាងត្បូង ប៉ុន្តែបានឃើញការកើនឡើងនាពេលថ្មីៗនេះ​ នៃ​ឧក្រិដ្ឋកម្មហិង្សាពាក់ព័ន្ធនឹងជនរងគ្រោះ ឬជនសង្ស័យជនជាតិកូរ៉េ។ កាល​ពី​ឆ្នាំ​មុន អ្នក​ទេសចរ​កូរ៉េវ័យ៣៤​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​ចាប់​ជំរិត និង​សម្លាប់​ដោយ​​ជនជាតិ​កូរ៉េ​៣​នាក់​​ក្នុង​ប្រទេស​ថៃ។ ក្រោយ​មក​ជន​សង្ស័យ​ត្រូវចាប់​ខ្លួន​បាន​​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង វៀតណាម និង​កម្ពុជា។

នៅ​ក្នុង​ករណី​ធំ​មួយ​ទៀត​ក្នុង​ខែកក្កដាកន្លង​ទៅ អាជ្ញាធរ​ថៃ​បាន​រុះរើ​​ក្រុម​​ឧក្រិដ្ឋជន​ជនជាតិ​កូរ៉េ​២០​នាក់ និង​ជនជាតិ​ចិន​ម្នាក់ ​នៅ​ខេត្ត​ចាន់បុរី។ ក្នុងអំឡុងពេលនៃការវាយឆ្មក់នេះ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចាប់ជំរិត និងបង្ខំ​ឲ្យ​ធ្វើការសម្រាប់ការឆបោករបស់មជ្ឈមណ្ឌលហៅទូរសព្ទ ត្រូវបានជួយសង្គ្រោះ។

ទោះជាយ៉ាងណាក៏ដោយ តំណាងរាស្រ្តបក្សប្រឆាំង លោក Kim Geon នៃគណបក្សអំណាចប្រជាជនកូរ៉េ​ខាង​ត្បូង បានជំរុញ​ឲ្យ​រដ្ឋាភិបាលពង្រឹង​កិច្ចសហប្រតិបត្តិការសន្តិសុខនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយនិយាយថា ប្រជាជនកូរ៉េខាងត្បូងប្រឈមនឹងហានិភ័យកើនឡើងនៅក្នុងប្រទេសថៃ ហើយ​អំពាវនាវ​ឲ្យ​មានការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើ​ការប្រកាសការងារខុសច្បាប់ ដែលទាក់ទាញជនរងគ្រោះនៅ​បរទេស៕ដោយ៖តារា

...

រូបភាព៖​ ការ​បង្ក្រាប​បណ្ដាញ​ឆបោក និង​ជួយ​សង្គ្រោះ​ជនជាតិ​កូរ៉េខាង​ត្បូង​ម្នាក់​​ក្នុងស្រុក Bang Lamung នៃខេត្ត Chon Buri ប្រទេសថៃកាលពីខែ​មិថុនា​ឆ្នាំ​២០២៥​ (រូបថត៖ បណ្ដាញ​សង្គម)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print